៩គោលដៅ! សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តជួយផ្គត់ផ្គង់ម្ហូបអាហារដល់ប្រជាពលរដ្ឋភៀសសឹកជាង ៥ម៉ឺននាក់ ក្រោមកិច្ចសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរខេត្តឧត្តរមានជ័យ និងព្រះវិហារ

សង្គម​ និង​សេដ្ឋកិច្ច

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានដឹកនាំបញ្ជាផ្ទាល់ឲ្យក្រុមយុវជនបន្តជួយផ្គត់ផ្គង់ម្ហូបអាហារដល់ប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ ៦ គោលដៅ និងខេត្តព្រះវិហារ ៣ គោលដៅ ដែលមានចំនួនសរុបជាង ៥ម៉ឺននាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បេសកកម្មរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ធ្វើឡើងក្រោមកិច្ចសហការជាមួយ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមទាំងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារផងដែរ។

បើយោងតាមអ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងថា ចំនួនជនភៀសសឹក គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ (វេលាម៉ោង ១៨:០០នាទី) មានចំនួនសរុប ១៦៨៩៤៦ នាក់ ដែលក្នុងនោះមកពីខេត្តចំនួនប្រាំគឺខេត្តឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ ពោធិ៍សាត់ និងសៀមរាប។
គួរបញ្ជាក់ថា លទ្ធផលនៃសង្រ្គាមឈ្លានពានដែលកម្ពុជាបានរងគ្រោះតាំងពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បានបណ្ដាលឱ្យប៉ះពាល់ដល់ការស់នៅរបស់ប្រជាជនរាប់ម៉ឺននាក់ និងលំនៅដ្ឋានរបស់ប្រជាជនស្លូតត្រង់ជាច្រើន។

សូមជម្រាបថា ក្រោយការឯកភាពលើបទឈប់បាញ់រវាងកម្ពុជា និងថៃ ពេលនេះបងប្អូនជនភៀសសឹកក៏កំពុងរស់នៅជំរំបន្តដោយក្ដីសង្ឃឹមអាចធ្វើដំណើរវិលត្រឡប់ទៅភូមិដ្ឋានរបស់ខ្លួននាពេលខាងមុខ បន្ទាប់ពីមន្ត្រីសន្តិសុខបានវាយតម្លៃថាស្ថានការណ៍ព្រំដែនមានសុវត្ថិភាពឡើងវិញ៕