រាជរដ្ឋាភិបាល សម្រេចឲ្យជ្រើសរើសពេទ្យចំនួន២០០នាក់បន្ថែម ចូលបម្រើការងារក្នុងមន្ទីពេទ្យជាតិ តេជោសន្តិភាព

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យជ្រើសរើសក្របខណ្ឌមន្រ្តីពេទ្យចំនួន២០០នាក់បន្ថែម លើចំនួនពេទ្យប្រមាណ១៥០នាក់ ដែលត្រូវចាត់ឱ្យបម្រើការនៅមន្ទីពេទ្យជាតិ តេជោសន្តិភាព ។ ការសម្រេចអនុញ្ញាបែបនេះ បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ មន្ទីពេទ្យជាតិតេជោសន្តិភាព នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ បានមានប្រសាសន៍ថា “មន្ទីពេទ្យដែលធំដាក់អ្នកជំងឺជិត១ម៉ឺននាក់ មិនមែនជារឿងធម្មតាទេ ដែលត្រូវមានតម្រូវការជាច្រើន ដូចនេះ សូមក្រសួងមុខងារសាធារណៈអនុញ្ញាតឱ្យក្រសួងសុខាភិបាលរើសក្របខណ្ឌគ្រូពេទ្យ២០០នាក់ និងបុគ្គលិកជាប់កិច្ចសន្យាចំនួន៣០០នាក់ សម្រាប់មន្ទីពេទ្យនេះ ដូចនេះ ត្រូវរៀបចំប្រឡងជ្រើសរើសឱ្យបានត្រឹមត្រូវ”។
ជាមួយគ្នានោះ សម្តេចបានលើកឡើងថា កាលពីឆ្នាំទៅបានសម្រេចអនុញ្ញាតឱ្យរើសក្របខណ្ឌមន្រ្តីពេទ្យចំនួន៣០០០នាក់។ហើយទន្ទឹមនឹងនេះ សម្តេចក៏បានអនុញ្ញាត ឱ្យមន្រ្តីក្រសួងសុខាភិបាលជ្រើសរើសអនុប្រធានមន្ទីពេទ្យចំនួន០៥នាក់មកកាន់ទីនេះផងដែរ។

ក្នុងនោះ សម្តេចក៏បានគូសបញ្ជាក់ថា ចំពោះមន្ទីពេទ្យជាតិ តេជោសន្តិភាពនេះអាចប្រើប្រាស់ បានរយៈពេល៧០ឆ្នាំ ក៏ប៉ុន្តែវាអាស្រ័យលើការថែទាំផងដែរ។

សូមជម្រាបថា អគារ«មន្ទីរពេទ្យជាតិ តេជោសន្ដិភាព»មានចំនួន១១អគារដែលមានអគារព្យាបាល និងសង្គ្រោះបន្ទាន់(E)មានទំហំ ៧,៤៨០ ម៉ែត្រការ៉េ,អគារព្យាបាលកម្រិតធ្ងន់(H1និង H2)មាន គ្រែសរុបចំនួន៥២៧គ្រែ, អគារព្យាបាលកម្រិតស្រាល(H3,H4,H5,H6និងH7)មានគ្រែសរុប៨,៩៦៩ គ្រែ,គ្រែបុគ្គលិកពេទ្យប្រចាំការមានចំនួន៤៦គ្រែនិងគ្រែបុគ្គលិកស្នាក់នៅចំនួន២០៦ គ្រែ,អគារបច្ចេកទេស(T1),អគារបច្ចេកទេស (T2),អគារផ្គត់ផ្គង់និងព័ត៌មាន(A)មានទំហំ២,៨៣៥ ម៉ែត្រការ៉េ,អគារស្នាក់នៅសម្រាប់បុគ្គលិក (S)មានគ្រែសរុបចំនួន ២៣៤ គ្រែ។ ចំណតរថយន្តមានផ្ទៃក្រឡា ៧,០២៦ ម៉ែត្រការ៉េ ដែលអាចចត រថយន្តបានចំនួន ២១០ គ្រឿង មានសួនច្បារព័ណ៌បៃតងទំហំ ៤,៤៩០ ម៉ែត្រការ៉េ ។បើគិតមកដល់ពេលនេះ មន្ទីរពេទ្យជាតិតេជោសន្ដិភាព សម្រេចបានជាង៨០%ហើយ៕