ជម្លោះដីធ្លី សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យដោះស្រាយក្រៅប្រព័ន្ធតុលាការ

សង្គម​និង​សេដ្ឋកិច្ច

ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយអាជ្ញាធរ មន្រ្តីរាជការខេត្តសៀមរាប នារសៀលថ្ងៃទី២១តុលានេះ សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ប្រាប់អាជ្ញាធរត្រូវយកចិត្តទុក ដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធិភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានេះ សម្តេចតេជោបានលើកទឹកចិត្តអាជ្ញាធរបង្កើតការដោះស្រាយក្រៅប្រព័ន្ធតុលាការឱ្យបានច្រើន ដោយមិនត្រូវលំអៀងខាងភាគីណានោះទេត្រូវឈរនៅកណ្ដាល ដើម្បីបម្រើផលប្រយោជន៍ទាំងសងខាង។

ទន្ទឹមនឹងនេះ ក៏ត្រូវយកចិត្តទុកដាក់ការផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានាជូនប្រជាពលរដ្ឋឲ្យបានលឿន និងមានប្រសិទ្ធិភាព។ សម្តេចលើកឡើងថា មន្ត្រីត្រូវគិតថា ខ្លួនជាអ្នកបម្រើ ប្រជាពលរដ្ឋ ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា។

យ៉ាងណាសម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា កិច្ចការដែលសម្រេចទៅបានដោយជោគជ័យ គឺអាស្រ័យដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ប្រកបដោយមនសិការ និងឆន្ទះល្អមុះមុត និងការទទួលខុសត្រូវខ្ពស់ក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិ៕