ខេត្តធំមួយរបស់កាណាដា សម្រេចលុបចោលកិច្ចសន្យាតម្លៃជិត ៧០លានដុល្លារ ជាមួយក្រុមហ៊ុន Elon Musk

អន្តរជាតិ

ខេត្ត Ontario របស់ប្រទេសកាណាដា បានប្រកាសលុបចោលកិច្ចសន្យាតម្លៃ ១០០លានដុល្លារកាណាដា (៦៨,១លានដុល្លារ) ជាមួយក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណិតតាមរយ:ផ្កាយរណប Starlink របស់ Elon Musk ក្នុងគោលបំណងកាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមហ៊ុនអាមេរិក ដើម្បីសងសឹកទៅនឹងវិធានការពន្ធគយរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Stephen Lecce រដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែរបស់ខេត្ត Ontario បានបញ្ជាក់ពីការលុបចោលកិច្ចសន្យាសម្រាប់ការផ្តល់សេវាអ៊ីនធើណិតរបស់ក្រុមហ៊ុនខ្នាតយក្សអាមរិកនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធ​ប៉ុន្តែមិនបានបញ្ជាក់ឲ្យដឹងថាការបញ្ចប់កិច្ចសន្យានេះ នឹងត្រូវចំណាយអស់ទឹកប្រាក់ប៉ុន្មាននោះឡើយ។

គួរឲ្យដឹងថា ដោយស្ថិតនៅក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលខេត្ត Ontario បានចុះហត្ថលេខា កាលពីខែវិច្ឆិកា ឆ្នាំមុន គឺដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុន Starlink ផ្តល់ជូនការចែកចាយសេវាអ៊ីនធើណិតល្បឿនលឿនរបស់ខ្លួន ទៅកាន់ផ្ទះ និងអាជីវកម្មសរុបប្រមាណ ១ ៥០០០ នៅក្នុងតំបន់នេះ។

កាលពីខែកុម្ភៈ នាយករដ្ឋមន្ត្រី Ontario លោក Doug Ford បានគំរាមបញ្ចប់កិច្ចព្រមព្រៀងជាមួយ Starlink ម្តងរួចមកហើយ ដើម្បីជាការឆ្លើយតបទៅនឹងប្រធានាធិបតីអាមេរិក លោក ត្រាំ ដែលបានដាក់ពន្ធគយខ្ពស់លើទំនិញកាណាដា។ ក្រោយមក លោកក៏បានពន្យារពេលការលុបចោលនេះវិញ បន្ទាប់ពីលោក ត្រាំ បានយល់ព្រមលើការផ្អាកយកពន្ធរយៈពេល ៣០ ថ្ងៃ។

ជម្រាបជូនផងដែរថា ប្រទេសកាណាដា និងសហរដ្ឋអាមេរិក កំពុងធ្វើការលើការចរចាពាណិជ្ជកម្មដ៏សំខាន់មួយ នៅត្រឹមថ្ងៃទី១ ខែសីហា ដែលជាកាលបរិច្ឆេទដែលលោក ត្រាំ កំពុងគម្រាមដាក់ពន្ធ ៣៥% លើទំនិញកាណាដាទាំងអស់៕​