EU ប្រកាសផ្អាកដាក់ពន្ធសងសឹកទៅលើសហរដ្ឋអាមេរិក រយ:ពេល ៦ខែបន្ថែមទៀត

អន្តរជាតិ

សហភាពអឺរ៉ុប (EU) បានប្រកាសថា ផែនការដាក់ពន្ធគយសងសឹកទៅនឹងសហរដ្ឋអាមេរិក នឹងត្រូវពន្យារពេល ៦ខែសិន បន្ទាប់ពីប្រទេសជាសមាជិករបស់ប្លុកនេះ​ បានឈានដល់ការអនុម័ត កាលពីខែមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកនាំពាក្យរបស់ប្រធានគណ:កម្មការអឺរ៉ុប​ (EC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី៤ ខែសីហាថា ៖”​ កាលពីថ្ងៃទី២៧ ខែកក្កដា ប្រធាន EC លោកស្រី​ Ursula von der Leyen និងប្រធានាធិបអាមេរិក លោក ដូណាល់ ត្រាំ បានឈានដល់កិច្ចព្រមព្រៀងមួយស្តីពីពន្ធនាំចូល និងពាណិជ្ជកម្ម។ កិច្ចព្រមព្រៀងនេះ គឺបានស្តារស្ថិរភាពសម្រាប់ពលរដ្ឋ និងធុរកិច្ចលើភាគីទាំងពីរ នៃមហាសមុទ្រអាត្លង់តិក”។

យោងតាមសេចក្តីថ្លែងការណ៍ដដែលនេះ ក៏បានបញ្ជាក់ទៀតថា EU នឹងបន្តធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់សេចក្តីការណ៍រួមគ្នាមួយ។ ដូច្នេះហើយ EC នឹងបន្តពន្យារពេល ៦ខែទៀត ជុំវិញផែនការដាក់ពន្ធគយសងសឹកទៅលើសហរដ្ឋអាមេរិក ដែលដំបូងឡើងនឹងត្រូវចូលជាធរមាននៅថ្ងៃទី៧ ខែសីហា។

គួរឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែកក្កដា ប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) បានបោះឆ្នោតអនុម័តផែនការដាក់ពន្ធសងសឹកប្រឆាំងនឹងពន្ធនាំចូលរបស់សហរដ្ឋអាមេរិក។ ពួកគេបានរួមបញ្ចូលគ្នានូវកញ្ចប់ផែនការពន្ធសងសឹកចំនួនពីរដែលបានស្នើឡើងពីមុន ដោយក្នុងនោះរួមមានការដាក់ពន្ធលើទំនិញរបស់សហរដ្ឋអាមេរិកដែលមានតម្លៃ ២១ពាន់លានអឺរ៉ូ និង ៧២ពាន់លានអឺរ៉ូ ចូលទៅក្នុងបញ្ជីតែមួយ។

ជម្រាបជូនផងដែរថា​ ​នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​មួយ ដោយចាប់ពីថ្ងៃទី១ ខែសីហារ ពន្ធដែលត្រូវអនុវត្តលើផលិតផលរបស់សហភាពអឺរ៉ុប ដែលនាំចូលទៅកាន់អាមេរិក នឹងជាប់ពន្ធ ១៥%​ពោលគឺជាកម្រិតធ្លាក់ចុះពាក់កណ្តាល បើធៀបទៅនឹងពន្ធដែលត្រូវបានប្រកាសកាលពីមុន៕​