ប្រទេសប៉ាគីស្ថាន បាននិយាយថា ខ្លួនបានបាញ់ទម្លាក់យន្តចម្បាំងរបស់ប្រទេសឥណ្ឌា ចំនួន ៥គ្រឿង រួមទាំងមូដែល Rafale ដែលមានតម្លៃប្រហែល ១០០លានដុល្លារ ជាការឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាស ពីសំណាក់ប្រទេសជិតខាងរបស់ខ្លួនមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន លោក Khawaja Asif បាននិយាយនៅថ្ងៃពុធនេះថា កងទ័ពអាកាសរបស់ប៉ាគីស្ថាន បានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា យ៉ាងតិច ៥គ្រឿង ដើម្បីជាការឆ្លើយតបទៅនឹងការបាញ់ស្រោចមីស៊ីលឆ្លងព្រំដែន នាពេលថ្មីៗនេះ។
ទន្ទឹមនឹងនេះ អ្នកនាំពាក្យយោធាប៉ាគីស្ថាន បានបញ្ជាក់ប្រាប់ប្រាប់ទៅកាន់សារព័ត៌មាន Reuters ថា កងកម្លាំង បានបាញ់ទម្លាក់យន្តហោះចម្បាំងចម្រុះប្រភេទ Rafale ចំនួនបីគ្រឿង យន្តហោះចម្បាំងធុនធ្ងន់ Su-30MKI និងយន្តហោះចម្បាំងធុនស្រាល MiG-29 របស់ឥណ្ឌា នៅក្នុងដែនអាកាសរបស់សត្រូវ។ មន្ត្រីរូបនេះ ក៏បានសង្កត់ធ្ងន់ថា គ្មានយន្តហោះរបស់ប៉ាគីស្ថានណាមួយត្រូវបានបាញ់ទម្លាក់នោះទេ ហើយការប្រយុទ្ធគ្នា កំពុងកើតឡើងនៅតាមព្រំដែនក្នុងតំបន់កាស្មៀរ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រសួងការពារជាតិឥណ្ឌា មិនបានធ្វើអត្ថាធិប្បាយលើការអះអាងរបស់ប៉ាគីស្ថាន នោះទេ។ ប្រភពពីឥណ្ឌាបាននិយាយថា យន្តហោះចម្បាំងរបស់ខ្លួនចំនួនបីគ្រឿង បានធ្លាក់នៅតំបន់ Jammu និង Kashmir ភាគខាងជើងរបស់ប្រទេស ប៉ុន្តែហាក់មិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់នោះឡើយ។
Rafale គឺជាយន្តហោះចម្បាំងពហុមុខងារ ហើយត្រូវបានផលិតឡើងក្នុងចំនួនត្រឹមតែ ២០០ គ្រឿងប៉ុណ្ណោះ ដោយយន្តហោះនីមួយៗ មានតម្លៃប្រហែល ១០០លានដុល្លារ ដោយមិនរាប់បញ្ចូលទាំងប្រព័ន្ធអាវុធ និងថ្លៃថែទាំឡើយ។
ជម្រាបជូនផងដែរថា ប្រទេសឥណ្ឌាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ៨,៧ពាន់លានដុល្លារជាមួយប្រទេសបារាំងក្នុងឆ្នាំ២០១៦ ដើម្បីទិញយន្តហោះចម្បាំង Rafale ចំនួន ៣៦ គ្រឿង។ យន្តហោះចម្បាំងទាំងនេះត្រូវបានគេរំពឹងថានឹងបន្ថែមកម្លាំងដល់កងទ័ពអាកាសឥណ្ឌាដោយសារវាសមត្ថភាពប្រយុទ្ធច្រើន៕

