សម្តេចធិបតី នឹងប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១០ តម្លៃ១៨៨លានដុល្លារ នាថ្ងៃ ៧ សីហានេះ

សង្គម​ និង​សេដ្ឋកិច្ច

គម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលតភ្ជាប់ខេត្តចំនួនបីគឺ ខេត្តកោះកុង ពោធិ៍សាត់ និងបាត់ដំបង នឹងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។នេះបើយោងតាមហ្វេសប៊ុករបស់រដ្ឋបាលខេត្តបាត់ដំបង ផ្សាយនៅថ្ងៃទី ១ ខែសីហា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១០ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា បានណែនាំឱ្យរដ្ឋបាលស្រុក មន្ទីរ អង្គភាព និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវ ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់និងការទទួលខុសត្រូវដើម្បីធ្វើយ៉ាងណាឱ្យដំណើរការប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រព្រឹត្តទៅដោយរលូន និងធានាបានសន្តិសុខ សណ្ដាប់ធ្នាប់ជូនថ្នាក់ដឹកនាំ និងអង្គពិធីទាំងមូល។

សូមជម្រាបថា ផ្លូវជាតិលេខ១០ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវសរុបប្រមាណ១៩៨គីឡូម៉ែត្រ និងទទឹង៩ម៉ែត្រ តភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង។ផ្លូវនេះ បានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០។

ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវសរុប១៩៨,៥១៨គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ ត្រូវបានសាងសង់ឡើងក្រោមហិរញ្ញប្បទានពីរដ្ឋាភិបាលចិន មានទំហំទឹកប្រាក់សរុបប្រមាណជាង ១៨៨លានដុល្លារ។

ផ្លូវមួយខ្សែនេះ ត្រូវបានរំពឹងថា នឹងផ្តល់ផលចំណេញផ្នែកសេដ្ឋកិច្ចជាច្រើនសន្ធឹកតាមរយៈការកាត់បន្ថយពេលវេលា កាត់បន្ថយថ្លៃដើមក្នុងការដឹកជញ្ជូន និងសេវាភស្តុភារកម្ម ពិសេសក្នុងការដឹកជញ្ជូនកសិផល និងផលិតផលផ្សេងទៀតពីបណ្តាខេត្តជុំវិញទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិនានា ព្រមទាំងទៅកាន់កំពង់ផែទំនិញ កំពង់ផែទឹកជ្រៅនិងមជ្ឈមណ្ឌលភស្តុភារកម្មដោយមិនចាំបាច់ឆ្លងកាត់រាជធានីភ្នំពេញដែលនាំឱ្យមានការកកស្ទះចរាចរណ៍៕ អត្ថបទ៖ហ្សាលីន