សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងថា ក្រុមការងារកំពុងបំពេញការងារយ៉ាងសកម្មដែលយើងនឹងឈានទៅរកការពឹងពាក់លើកាកបាទក្រហមអន្តរជាតិដើម្បីជួយដល់ទាហានកម្ពុជា១៨រូបដែលថៃចាប់ក្រោយបទឈប់បាញ់និងមិនទាន់បញ្ជូនមកឱ្យកម្ពុជាវិញ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុកនាព្រឹកថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២៥យ៉ាងដូច្នេះថា៖«បងប្អូនលង់លក់អស់ទៅហើយនៅឡើយតែខ្ញុំនិងសហការីមួយចំនួននៅជាមួយខ្ញុំ នៅមុខប្រព័ន្ធវីដេអូ ដែលមានសម្តេច ទៀ បាញ់ និងមេបញ្ជាការកងទ័ពជើងគោក ម៉ៅ សុផាន់ ក្រោយពេលឯកឧត្តមអគ្គបញ្ជាការ វង្ស ពិសេន ចាកចេញដើម្បីត្រៀមចេញទៅប្រជុំនៅម៉ាឡេស៊ី ព្រឹកស្អែក»។
សម្តេចតេជោ បន្តថា ដោយឡែក នៅទីបញ្ជាការមួយទៀតមាន នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងក្រុមការងារកំពុង បំពេញការងារយ៉ាងសកម្មដែលយើងនឹងឈាន ទៅរកការពឹងពាក់លើកាកបាទក្រហមអន្តរជាតិ ដើម្បីជួយដល់ទាហានកម្ពុជា១៨រូបដែលថៃ ចាប់ក្រោយបទឈប់បាញ់ និងមិនទាន់បញ្ជូនមកឲ្យកម្ពុជាវិញផងដែរ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៩កក្កដា ក្រោយបទឈប់បាញ់រវាងកម្ពុជា-ថៃ ត្រូវបានអនុវត្ត ហេតុការណ៍នៃការចាប់ខ្លួនទាហានកម្ពុជាពីសំណាក់ទាហានថៃ បានកើតឡើងនៅច្រកចុងតែ។ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានអះអាងថា ហេតុការណ៍នេះបានកើតឡើង ដោយទាហានថៃបានហៅទាហានខ្មែរឱ្យមកថតរូបអនុស្សាវរីយ៍ជាមួយគ្នា។ តែភ្លាមៗនោះ ទាហានថៃបានបញ្ជាឱ្យក្រុមខ្លួន ដែលលាក់ខ្លួននៅក្នុងព្រៃយកកាំភ្លើងភ្ជង់ និងចាប់ខ្លួនកងកម្លាំងរបស់លោកចំនួន២០នាក់ តែមានម្នាក់បានរត់រួច ហើយ ២នាក់ទំនងត្រូវបានថៃបាញ់សម្លាប់៕ អត្ថបទ៖ហ្សាលីន



