អាល្លឺម៉ង់ ស្វាគមន៍ការកោះប្រជុំ GBC រវាងកម្ពុជា-ថៃ ថាជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកស្ថិរភាពឡើងវិញ

សង្គម​ និង​សេដ្ឋកិច្ច

បន្ទាប់ពីបទឈប់បាញ់នាពេលថ្មីៗនេះ និងបានធ្វើដំណើរទស្សនកិច្ចអំពីស្ថានភាពនៃជនភៀសសឹកដែលត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះរបស់ពួកគេ ស្ថានទូតអាល្លឺម៉ង់ប្រចាំប្រចាំប្រទេសកម្ពុជា បានបង្ហាញការស្វាគមន៍ការកោះប្រជុំ GBC រវាងកម្ពុជា-ថៃ ថាជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកស្ថិរភាពឡើងវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថានទូតអាល្លឺម៉ង់ប្រចាំប្រចាំប្រទេសកម្ពុជា បានបញ្ជាក់នៅលើហ្វេសប៊ុកនៅថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ខណៈដែលកម្ពុជា និងថៃបានកោះប្រជុំនៅថ្ងៃនេះ ទី៤ ខែសីហា សម្រាប់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់លោកឯកអគ្គរដ្ឋទូត Stefan Messerer ទៅកាន់តំបន់ព្រំដែនក្នុងខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប កាលថ្ងៃសុក្រ ទី០១ ខែសីហា រួមជាមួយនឹង លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស ប្រាក់ សុខុន និង​សមាជិក​សហគមន៍​ការទូត ធ្វើ​ជា​ការ​រំលឹក​ទាន់​ពេល​វេលា​ថា ចំណុច​ស្នូល​នៃ​ជម្លោះ​នីមួយៗ​គឺ​ជា​ជីវិត​ពិត និង​មនុស្ស​ពិត។

លោកបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់អាល្លឺម៉ង់ក្នុងការគាំទ្រសន្តិភាពតាមរយៈការសន្ទនា ដោយសង្កត់ធ្ងន់ថាអ្នកដែលរងផលប៉ះពាល់ខ្លាំងបំផុត ជាពិសេសបុគ្គល និងគ្រួសារដែលត្រូវបានផ្លាស់ទីលំនៅ មិនត្រូវបំភ្លេចចោលក្នុងដំណើរការការទូតឡើយ។ សុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងសិទ្ធិក្នុងការវិលត្រឡប់មកមាតុភូមិវិញដោយសន្តិភាព ត្រូវតែរក្សាជាស្នូលនៃកិច្ចខិតខំប្រឹងប្រែងទាំងអស់ឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹង និងការផ្សះផ្សា។

ជាថ្មីម្តងទៀត ប្រទេសអាល្លឺម៉ង់ស្វាគមន៍ការកោះប្រជុំ GBC ជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកសាងទំនុកចិត្ត និងស្ថិរភាពឡើងវិញ។ សន្តិភាពប្រកបដោយនិរន្តរភាពទាមទារលើសពីកិច្ចព្រមព្រៀងដែលបានចរចា វាទាមទារឱ្យស្តាប់អ្នកដែលមិននៅតុចរចារ ប៉ុន្តែនៅជិតការរងគ្រោះបំផុត។

សូមបញ្ជាក់ថា ពាក់ព័ន្ធការប្រជុំGBC នេះ កាលពីរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ ប្រតិភូក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានធ្វើដំណើរដល់ប្រទេសម៉ាឡេស៊ី ដើម្បីត្រៀមចូលរួមក្នុងកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នាថ្ងៃទី៤-៦ ខែសីហា ឆ្នាំ២០២៥ និងប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ។

សូមរម្លឹកថា កងទ័ពថៃ បានបើកការវាយប្រហារមកលើកងទ័ពកម្ពុជាយ៉ាងខ្លាំងក្លា នៅតាមខ្សែបន្ទាត់ព្រំដែនចាប់តាំងពីភូមិសាស្ត្រខេត្តឧត្តរមានជ័យ តំបន់មុំបី រហូតដល់ខេត្តព្រះវិហារ។ ក្រសួងការពារជាតិកម្ពុជាបានឱ្យដឹងកាលព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ថា កងទ័ពថៃបានផ្តើមផ្ទុះអាវុធ មកលើកងទ័ពកម្ពុជាមុន។ ការផ្ទុះអាវុធដាក់គ្នាទ្រង់ទ្រាយធំរវាងកងទ័ពកម្ពុជា-ថៃនាពេលនោះ គឺកើតមានក្រោយភាគីថៃបានព្យាយាមបិទ មិនឱ្យភាគីកម្ពុជាឡើងទៅប្រាសាទតាមាន់ធំ និងបន្ទាប់ពីប្រទេសទាំងពីរសម្រេចទម្លាក់កម្រិតការទូតនឹងគ្នាឱ្យនៅទាប៕ អត្ថបទ៖ ហ្សាលីន