លោកអ្នកឧកញ៉ា ពុង ឃាវសែ ចូលរួមពិធីប្រគល់-ទទួលវិញ្ញាបនបត្រអាកាសយានដ្ឋាន ជូនប្រតិបត្តិករអាកាសយានដ្ឋានអន្តរជាតិតេជោ

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥នេះ លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផតអ៉ិនវេសមិន ឯ.ក (CAIC) បានអញ្ជើញចូលរួមពិធីប្រគល់-ទទួលវិញ្ញាបនបត្រអាកាសយានដ្ឋាន ជូនប្រតិបត្តិករអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ នេះបើតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីប្រគល់-ទទួលវិញ្ញាបនបត្រអាកាសយានដ្ឋាននេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្រ្តីជំនាញពាក់ព័ន្ធ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល, ឧកញ៉ា វ៉ាន់ ឆារស៏ជួន អភិបាលក្រុមហ៊ុន CAIC និងសហការី លោក Cyril GIROT នាយកប្រតិបត្តិក្រុមហ៊ុន SCA និងសហការី នាយកគ្រប់គ្រងក្រុមហ៊ុន CATS និងសហការី ក្រុមហ៊ុនសន្តិសុខអាកាសចរណ៍ស៊ីវិល តំណាងក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ “ការប្រារព្ធពិធីប្រគល់-ទទួលវិញ្ញាបនបត្រអាកាសយានដ្ឋាន ដែលចេញដោយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ នេះ គឺជាសក្ខីភាពនិងសបញ្ជាក់ឱ្យឃើញថា អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F បានបំពេញលក្ខខណ្ឌបច្ចេកទេសបានពេញលេញស្របតាមស្ដង់ដាសុវត្ថិភាព និងបទប្បញ្ញត្តិបច្ចេកទេសអាកាសចរណ៍ស៊ីវិល បានត្រឹមត្រូវហើយ និងអាចបើកដំណើរការបានជាផ្លូវការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ តាមផែនការគ្រោងទុក”។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប ២,៦០០ហិកតា ថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ គឺ ១៥០០លានដុល្លារ នឹងដាក់ឱ្យដំណើរការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ រីឯពិធីសម្ពោធជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ៕