យោងតាមកាសែត New York Times បានរាយការណ៍ថាចុងសប្តាហ៍មុនថា ឥណ្ឌា គ្រោងនឹងបន្តទិញចូលប្រេងពីប្រទេសរុស្ស៊ី បើទោះបីជាមានការគំរាមកំហែងដាក់ទណ្ឌកម្មពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ យ៉ាងណាក៏ដោយ។

លោក ត្រាំ កាលពីខែមុន បានបង្ហោះនៅក្នុងបណ្តាញសង្គម Truth Social របស់ខ្លួនថា ឥណ្ឌា នឹងប្រឈមមុខជាមួយនឹងការពិន័យបន្ថែម សម្រាប់ការទិញអាវុធ និងប្រេងរបស់រុស្ស៊ី។ ហើយកាលពីថ្ងៃសុក្រ លោក ត្រាំ ថែមទាំងបានប្រាប់អ្នកសារព័ត៌មានថា លោក ឮថាឥណ្ឌានឹងឈប់ទិញប្រេងរបស់រុស្ស៊ីទៀតហើយ ដោយសារតែលោកគំរាម ដាក់ពន្ធគយខ្ពស់។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យោងតាមន្រ្តីជាន់ខ្ពស់ឥណ្ឌាពីរនាក់ បាននិយាយថា វានឹងមិនមានការផ្លាស់ប្តូរណាមួយ នៅក្នុងកិច្ចសន្យាទិញប្រេងរបស់រុស្ស៊ី ក្នុងពេលភ្លាមៗបាននោះឡើយ។ មន្ត្រីទាំងនោះ បានបន្តទៀតថា បច្ចុប្បន្ន រដ្ឋាភិបាលឥណ្ឌា មិនបានផ្តល់ទិសដៅណាមួយដល់ក្រុមហ៊ុនប្រេង ក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូលប្រេងពីរុស្ស៊ីឡើយ។
ជម្រាបជូនថា កាលពីថ្ងៃទី១៤ ខែកក្កដា លោក ត្រាំ បានគំរាមយកពន្ធ ១០០% លើប្រទេសដែលទិញប្រេងពីរុស្ស៊ី លុះត្រាតែរដ្ឋាភិបាលទីក្រុងម៉ូស្គូ ឈានដល់កិច្ចព្រមព្រៀងសន្តិភាពដ៏ធំមួយជាមួយអ៊ុយក្រែន។ រុស្ស៊ី គឺជាអ្នកផ្គត់ផ្គង់កំពូលដល់ឥណ្ឌា ដោយមានចំណែកប្រហែល ៣៥% នៃការផ្គត់ផ្គង់សរុបរបស់ឥណ្ឌា៕

