សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានឆ្លើយតបទៅកាន់កាសែតថៃ ដែលថាសម្តេចធ្វើខុសរដ្ឋធម្មនុញ្ញកម្ពុជា ក្រោយឃើញសម្តេចចូលរួមបញ្ជាកងទ័ពកម្ពុជា ក្នុងសង្គ្រាមព្រំដែនកម្ពុជា-ថៃ។

សម្តេចតេជោ បានគូសបញ្ជាក់លើបណ្តាញសង្គម នៅព្រលប់ថ្ងៃទី០៤ ខែសីហានេះថា ព្រឹកមិញកាសែតថៃបានចុះផ្សាយអំពីមនុស្សខ្លះនៅបាងកក បាននិយាយថា សម្តេចធ្វើខុសរដ្ឋធម្មនុញ្ញរបស់កម្ពុជា ព្រោះឃើញសម្តេចចូលរួមបញ្ជារកងទ័ព។
«មិនបាច់ឆ្ងល់ទេ កុំថាឡើយខ្ញុំជាថ្នាក់ដឹកនាំប្រទេស សូម្បីតែខ្ញុំជាពលរដ្ឋម្នាក់ ក៏ខ្ញុំមានសិទ្ធិវាយពួកចោរឈ្លានពានប្រទេសរបស់ខ្ញុំដែរ។ សម្រាប់ការបញ្ជាកងទ័ពសូមមើលព្រះរាជសាររបស់ព្រះមហាក្សត្រកម្ពុជា ដែលបញ្ជាក់បន្ថែមលើកិច្ចការរបស់ខ្ញុំដែលបាននិងកំពុងធ្វើនិងបន្តធ្វើតទៅទៀតលើកិច្ចការកងទ័ព។ ហេតុអ្វីបានជាអស់លោកខ្លាចខ្ញុំមករួមកិច្ចការកងទ័ពរហូតដល់បញ្ចេញមតិ ដែលមានចរិតជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា?»។ សម្តេចបានបន្ត។
សម្តេចតេជោ បានបន្ថែមថា សូមកុំភ្លេចថា សម្តេចជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលមានភារកិច្ចជួយព្រះមហាក្សត្រ លើការងារប្រទេសជាតិរាប់ទាំងកិច្ចការកងទ័ព។ តែទោះយ៉ាងណាក៏ដោយ សម្តេចមិនបំពានលើកិច្ចការនាយករដ្ឋមន្ត្រីនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ទៀតថា បទពិសោធធ្វើនាយករដ្ឋមន្ត្រីជាង៣៨ឆ្នាំ សម្តេចមានបទពិសោធជាងអស់លោក ហើយនៅកម្ពុជា គ្មានការប្រជែងអំណាចរវាងរដ្ឋាភិបាលជាមួយកងទ័ពនោះឡើយ។ សូមប្រជាជនកម្ពុជាជឿទុកចិត្តលេីសមត្ថភាពរបស់សម្តេច ក្នុងការចូលរួមចំណែកជួយរាជរដ្ឋាភិបាលលេីការងារកងទ័ព។
សូមជម្រាបថា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥នេះ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជសារប្រគល់សិទ្ធិជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដើម្បីធ្វើទំនាក់ទំនងជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើកិច្ចការកងទ័ព កិច្ចការការពារជាតិ កិច្ចការការពារអធិបតេយ្យជាតិ និងកិច្ចការការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕



