លោក ជា សុផារ៉ា ឡើងឡានចាកចេញពីក្រសួងដែនដី ជាផ្លូវការ ក្រោយធ្វើជា រដ្ឋមន្ត្រីក្រសួងមួយនេះ រយៈពេល ៧ឆ្នាំ

សង្គម​និង​សេដ្ឋកិច្ច

លោក ជា សុផារ៉ា នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣​នេះ ​​បាន​​​​​លា​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​រាជការ​ក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ ជាផ្លូវការ​ ​បន្ទាប់ពី​លោក​កាន់តួនាទី​ជា រដ្ឋមន្ត្រីក្រសួង​មួយ​នេះ អស់​រយៈពេល​ប្រមាណ​ជាង ៧​ឆ្នាំ តាំងពីឆ្នាំ២០១៦ រហូតមកដល់ចប់អាណត្តិទី៦ នៃរដ្ឋសភា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធី​លា​និង​ជូនដំណើរ​​លោក ជា សុផារ៉ា ​កាលពី​ព្រឹកមិញ​នេះ ​លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល ​​រដ្ឋមន្ត្រី​ថ្មី នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ ក៏​បាន​អញ្ជើញ​ចូលរួម​ផង​ដែរ។ ជាមួយ​គ្នា​នេះ គេ​ឃើញ​មាន​​វត្តមាន រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន និង​ប្រធាន​មន្ទីរ​គ្រប់​រាជធានី ខេត្ត រួម​ទាំង​មន្ត្រីរាជការក្រសួង​គ្រប់​លំដាប់​ថ្នាក់ ក៏​បាន​អញ្ជើញ​​ចូល​​រួម​អមដំណើរ ទះដៃ និង​លើក​ដៃ​ជម្រាប​លា ជូន​ដំណើរ​លោក ជា សុផារ៉ា ឡើង​​​រថយន្ត​ ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ទីស្តីការ​ក្រសួង​​រៀបចំ​ដែនដី ដោយ​ក្តី​អាលោះអាល័យ​ផង​ដែរ។

​លោក ជា សុផារ៉ា អតីត​អភិបាលរាជធានីភ្នំពេញ ​​ធ្លាប់​​ជា​រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍​ជនបទ ចន្លោះឆ្នាំ២០០៨ ដល់ឆ្នាំ២០១៦។ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ព្រះមហាក្សត្រ បាន​ចេញ​ព្រះរាជក្រឹត្យ កែសម្រួល​ភារកិច្ច​របស់​លោក ឱ្យ​កាន់​តួនាទី​ជា​ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ជំនួសលោក អ៊ឹម ឈុនលឹម ដែល​ទៅ​កាន់​តួនាទី​ជា​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ រហូត​មក​ដល់​​ចប់​អាណត្តិទី៦នេះ។

សូមជម្រាបថា ក្នុង​រយៈពេល​ជាង​៧​ឆ្នាំ ដែល​លោក ជា សុផារ៉ា អតីត​ឧបនាយករដ្ឋមន្ត្រី ដឹកនាំ​ក្រសួងរៀបចំ​ដែនដី លោក​បាន​បន្សល់​ទុកស្នាដៃធំៗ​ជា​ច្រើន​ដូចជា ការសាងសង់​អគារទីស្តីការថ្មីក្រសួងរៀបចំដែនដី​ដ៏​ធំ​ស្គឹមស្គៃ ការចូលរួម​សាងសង់​ផ្លូវ៣៨ខ្សែ និងការកែលម្អរ​ដងស្ទឹងសៀមរាប ការចូលរួម​សាងសង់​ផ្លូវថ្មី​ចំនួន​៣៤ខ្សែ​នៅ​ខេត្តព្រះសីហនុ ការកសាង​អាង​ប្រព្រឹត្តកម្ម​ទឹកកខ្វក់​ខេត្ត​ព្រះសីហនុ ការ​ចុះបញ្ជីដីធ្លី​ទូទាំងប្រទេស និង​ការ​ដោះស្រាយ​វិវាទដីធ្លី បាន​​​​​ជា​ច្រើន រួម​ទាំង​សមិទ្ធផល​ជា​ច្រើន​​ទៀត។ សម្រាប់​អាណត្តិទី៧​នេះ លោក ជា​ សុផារ៉ា គឺ​ជា​សមាជិក​រដ្ឋសភា ដែល​លោក​នឹង​ជួយ​​ការងារ​​ខាងស្ថាប័ន​​នីតិបញ្ញត្តិ ក្នុងការ​ត្រួតពិនិត្យ និង​អនុម័ត​ច្បាប់​នានា៕