កាលពីថ្ងៃចន្ទ ទី៤ ខែសីហា ឆ្នាំ២០២៥ លោកអ្នកឧកញ៉ា លាង ឃុន អនុប្រធាន និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា អមដំណើរដោយអ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និង អ្នកឧកញ៉ា ជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជាជាច្រើនរូបទៀតបានបន្តចូលរួមគោរពវិញ្ញាណក្ខន្ធយោធិនពលី ៣រូបនៅខេត្តបាត់ដំបងដែលមាននាមដូចជា៖
១. លោកនាយចំណង់ ឈឿង ចាន់ណា បម្រើការនៅវរសេនាតូចអន្តរាគមន៍៣៨២ កងពលតូចអន្តរាគមន៍លេខ៨ ដែលបានពលីជីវិតក្នុងសមរភូមិកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ដោយពិធីបុណ្យធ្វើឡើងនៅគេហដ្ឋានសព ស្ថិតក្នុងឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។









២.លោកនាយចំណង់ មៀច សុខណាវាធីប នៃវរៈសេនាតូចថ្មើរជើង លេខ៤៤៤ ដែលបានពលីជីវិតកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២៥ ដោយពិធីបុណ្យធ្វើឡើងនៅគេហដ្ឋានស្ថិតក្នុងភូមិអូរគគី ឃុំអូររដា ស្រុកកំរៀង ខេត្តបាត់ដំបង។










៣. លោកនាយចំណង់ ទេព ម៉ាឡា ជាយុទ្ធជនទ័ពពិសេសឆ័ត្រយោងកងពល៩១១ ដែលបានពលីជីវិតលើ សមរភូមិភ្នំទ្រព្យកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ដោយពិធីបុណ្យធ្វើឡើងនៅគេហដ្ឋានស្ថិត ក្នុងភូមិបោះ ពោធិ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្ត បាត់ដំបង។










ក្នុងវេលាដ៏ក្រៀមក្រំនេះ លោកអ្នកឧកញ៉ា លាង ឃុន បានពាំនាំនូវសារចូលរួមរំលែកទុក្ខពីលោកអ្នកឧកញ៉ាប្រធាន ក៏ដូចជាលិខិតរំលែកមរណទុក្ខ និងថវិកាមួយចំនួនពីសមាគមឧកញ៉ាកម្ពុជា ព្រមទាំងគ្រឿងឧបភោគបរិភោគ មួយ ចំនួនទៀតជូនក្រុមគ្រួសារ នៃសពវីរជនទាំង ៣រូបផងដែរ។
មរណភាពរបស់យោធិនទាំង ៣រូបគឺជាការបាត់បង់កូនប្រុសដ៏កត្តញ្ញូ បាត់បង់ស្វាមីដែលប្រកបដោយសង្គហធម៌ ដ៏ឧត្តុង្គឧត្តមចំពោះភរិយា ជាឪពុកប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនហើយ ក៏ជាការបាត់បង់នូវយោធិនដ៏ អង់អាចក្លាហានដោយបានធ្វើពលិកម្មនូវសាច់ស្រស់ឈាមស្រស់ប្រកបដោយភាពមោះមុតនៅក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដី។
វីរភាពរបស់លោកនឹងស្ថិតក្នុងការចងចាំក្នុងដួងចិត្តប្រជាជនខ្មែរគ្រប់រូបគ្មានថ្ងៃបំភ្លេចបានហើយកេរ្តិ៍ឈ្មោះរបស់ លោក នឹងត្រូវបានចារទុកនៅក្នុងប្រវត្តិសាស្ត្រជាតិ។ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ វីរជនទាំង ៣រូបសូមបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

