បើគ្មានអ្វីប្រែប្រួលទេ នៅថ្ងៃទី៦ ខែសីហានេះ ក្រុមនិស្សិតនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបង្កើតចលនាប្រមូលហត្ថលេខា ដើម្បីដាក់ញត្តិទៅស្ថានទូតធំៗប្រចាំនៅកម្ពុជា សុំអន្តរាគមន៍ឱ្យមានការដោះលែងទាហានកម្ពុជាទាំង ១៨រូប និងបង្ហាញគោលជំហរប្រឆាំងសង្រ្គាមឈ្លានពានរបស់សៀមមកលើកម្ពុជា។

ចលនាប្រមូលហត្ថលេខានេះ បានបិទការបូកសរុបនៅម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ដោយប្រមូលហត្ថលេខាបាន ១០២០រូប។
កាលពីថ្ងៃទី៥ ខែសីហា ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី ក្នុងនាមបញ្ញវន្តខ្មែរ ក៏បានអញ្ជើញ ចូលរួមចុះហត្ថលេខាដោយផ្ទាល់លើញត្តិ ដាក់ជូនទៅស្ថានទូតធំៗនៅកម្ពុជា ដើម្បីស្នើសុំឱ្យអន្តរាគមន៍ដោះលែងទាហានកម្ពុជាទាំង ១៨ រូបផងដែរ។

គួរឱ្យដឹងថា ការបង្កើតចលនាប្រមូលហត្ថលេខា ដើម្បីដាក់ញត្តិទៅស្ថានទូតធំៗប្រចាំនៅកម្ពុជា សុំអន្តរាគមន៍ឱ្យមានការដោះលែងទាហានកម្ពុជាទាំង ១៨រូប និងបង្ហាញគោលជំហរប្រឆាំងសង្រ្គាមឆ្លៀនពានរបស់សៀមមកលើកម្ពុជានេះដឹកនាំដោយ លោក សែមស័ក្តិ សិនា និស្សិតបណ្ឌិត ជំនាញវិទ្យាសាស្ត្រនយោបាយ ជំនាន់៩។
សូមបញ្ជាក់ថា គិតមកដល់ថ្ងៃទី៦ សីហានេះ មានរយៈពេលជាងមួយសប្តាហ៍ហើយ ដែលទាហានកម្ពុជា ១៨រូប ត្រូវបានទាហានថៃចាប់ខ្លួន កាលពីថ្ងៃទី២៩ កក្កដា បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន។ ដោយឡែក កាលពីថ្ងៃទី១ សីហា ទាហានថៃ បានបញ្ជូនទាហានកម្ពុជាតែ ២រូបប៉ុណ្ណោះ ត្រឡប់មកកម្ពុជាវិញ ក្រោយមានបញ្ហាសុខភាព និងវង្វេងស្មារតី៕


រូបភាព៖ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងជាអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា

