កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ប្រទេសវៀតណាម បានជាង៦សែនតោន ក្នុងរយៈពេល៩ខែ ឆ្នាំនេះ

សង្គម​និង​សេដ្ឋកិច្ច

នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣នេះ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបាន ៦៣៩.០០០តោន ក្នុងនោះបាននាំចេញទៅកាន់ប្រទេសវៀតណាម ៦១៣.២០០តោន ស្មើនឹងទឹកប្រាក់ ៨២៩លានដុល្លារ ថយចុះប្រមាណ១៦,៣% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។នេះបើតាមទិន្នន័យរបស់សមាគមស្វាយចន្ទីកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា សមាគមស្វាយចន្ទីកម្ពុជាបានទម្លាក់ការព្យាករណ៍ទិន្នផលស្វាយចន្ទីកម្ពុជាតាំងពីដើមឆ្នាំ២០២៣មកម៉េ្លះ។ការនាំចេញគ្រាប់ស្វាយចន្ទីមានការធ្លាក់ចុះប្រមាណជាង១៦%នេះ ព្រោះដោយសារទី១,កសិករបានកាប់ស្វាយចន្ទីមួយចំនួនចោល ដោយសារមូលហេតុប្រែប្រួលអាកាសធាតុធ្វើឱ្យគាត់ពិបាកក្នុងការថែទាំ ទី២,ការប្រជែងទិញរបស់សហគ្រាសក្នុងស្រុក ថ្វីត្បិតតែសហគ្រាសក្នុងស្រុករបស់យើងមានទុនបង្វិលទាបពិតមែន ប៉ុន្តែយើងហាក់ដូចជាមានការងើបឡើង ក្រោយពីមានគោលនយោបាយជាតិស្តីពីស្វាយចន្ទី ធ្វើឱ្យសហគ្រាសក្នុងស្រុកដណ្តើមទិញពីការនាំចេញទៅក្រៅប្រទេស។

បើតាមលោក អួន ស៊ីឡុត ប្រហែល ៩៥ ភាគរយនៃគ្រាប់ស្វាយចន្ទីឆៅ ត្រូវបាននាំចេញទៅប្រទេសវៀតណាមសម្រាប់កែច្នៃ ខណៈដែលមានតែ៥ ភាគរយប៉ុណ្ណោះ ដែលត្រូវបានកែច្នៃដោយសិប្បកម្មក្នុងស្រុក ដោយសារសមត្ថភាពផលិតមានកម្រិត និងកង្វះចំណេះដឹង និងជំនាញសម្រាប់ការអភិវឌ្ឍឧស្សាហកម្មសិប្បកម្ម ដល់ការកែច្នៃចំណីអាហារប្រកបដោយស្តង់ដារសុវត្ថិភាពនាំចេញទៅកាន់ទីផ្សារអន្តរជាតិ, ខ្វះទុនបង្វិល សម្រាប់ទិញគ្រាប់ស្តុកទុក ដើម្បីកែច្នៃ, មិនទាន់មានការលើកទឹកចិត្តលើផ្នែកពន្ធដា។

ជាមួយគ្នានោះ ប្រធានសមាគមស្វាយចន្ទីរូបនេះ ក៏បានសំណូមពរឱ្យមានការបន្ធូរបន្ថយនូវលក្ខខណ្ឌកម្ចីមួយចំនួន ពីធនាគាររដ្ឋនិង ឯកជន ដើម្បីឱ្យខ្សែចង្វាក់ផលិតកម្មដំណាំស្វាយចន្ទីកម្ពុជា មានភាពប្រសើរឡើងបានលឿន។ ដូច្នេះ លោកក៏ចង់ឱ្យមានការបន្ធូរបន្ថយផ្នែកពន្ធដារមួយចំនួនសម្រាប់សហគ្រាសក្នុងស្រុក ពិសេសក្នុងវិស័យ ស្វាយចន្ទី ដើម្បីឲ្យសហគ្រាសក្នុងវិស័យស្វាយចន្ទីអាចងើបប្រសើរឡើង។

យោងតាមទិន្នន័យរបស់សមាគមស្វាយចន្ទីកម្ពុជា ប៉ុន្មានឆ្នាំចុងក្រោយនេះ កសិករបានកាប់ដើមស្វាយ ចន្ទីចោលប្រហែល១០ម៉ឺនហិកតា ប៉ុន្តែក្នុងនោះក៏មានការដាំឡើងវិញប្រមាណ៣ម៉ឺនហិកតាផងដែរ។ សព្វថ្ងៃ កម្ពុជាមានផ្ទៃដីដាំស្វាយចន្ទីប្រមាណតែ ៧០ម៉ឺនហិកតាប៉ុណ្ណោះ ធៀបនឹងឆ្នាំ ២០២១ មានប្រមាណ៨០ម៉ឺនហិកតា៕