ក្រសួងវប្បធម៌ ថ្កោលទោសការបាញ់ប្រហាររបស់យោធាថៃមកលើប្រាសាទព្រះវិហារនិងតំបន់ជុំវិញនិងអំពាវនាវ ឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបំផ្លាញសន្តិភាពនិងស្ថិរភាពក្នុងតំបន់

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានប្រកាសថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការបាញ់ប្រហាររបស់យោធាថៃមកលើប្រាសាទព្រះវិហារនិងតំបន់ជុំវិញ និងបានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបំផ្លាញសន្តិភាពនិងស្ថិរភាពក្នុងតំបន់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឱ្យដឹងថា នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ៥:០០នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើ ទឹកដីកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ និងទីតាំងផ្សេងទៀតតាម បណ្ដោយព្រំដែន ដោយប្រើប្រាស់អាវុធធុនធ្ងន់ជាច្រើន។ រហូតដល់ម៉ោង ៧:០០នាទីព្រឹកថ្ងៃដដែល ការវាយប្រហារដោយ យោធាថៃបានបន្តមកដល់តំបន់ជុំវិញនិងទីតាំងផ្ទាល់ប្រាសាទព្រះវិហារ ដោយបានបំផ្លាញអគារអភិរក្សរបស់គម្រោងអភិរក្ស និងជួសជុលគោបុរៈទី៥ ប្រាសាទព្រះវិហារ ក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា ដែលស្ថិតនៅបរិវេណគោបុរៈទី៥ និងហេដ្ឋារចនាសម្ព័ន្ធអភិរក្សដទៃទៀត។

ក្រសួងវប្បធម៌បានបន្ថែមថា ចាប់តាំងពីប្រាសាទព្រះវិហារត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ភាគីថៃ បានបង្កើតលេសនិងបង្កជម្លោះប្រដាប់អាវុធនៅតំបន់ប្រាសាទព្រះវិហារជាច្រើនលើកច្រើនសារនៅចន្លោះឆ្នាំ២០០៨ និង ឆ្នាំ២០១១ ព្រមទាំងបានបង្កជម្លោះសារជាថ្មីនៅថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥។ ការវាយប្រហារនេះធ្វើឡើងបន្ទាប់ពី យោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់និងជាច្រើនថ្ងៃមកហើយ ជាពិសេសឧបទ្ទវហេតុកាលពីថ្ងៃម្សិលម៉ិញ នៅចំណុចព្រលានថ្ម ក្នុងតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងចេតនា ញុះញង់ឱ្យមានការប៉ះទង្គិចគ្នាជាមួយបំណងបំផ្លាញកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ។

ទន្ទឹមនឹងនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានប្រកាសថ្កោលទោសចំពោះការបង្កហេតុសារជាថ្មីម្ដងទៀតនៅតំបន់ប្រាសាទព្រះវិហារដែលបានបង្កការលំបាកយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សប្រាសាទព្រះវិហារ និងការជម្លៀសមន្ត្រី បុគ្គលិក ឆ្មាំ ពលករ របស់អាជ្ញាធរជាតិព្រះវិហារ ព្រមទាំងប្រជាពលរដ្ឋនៅក្នុងតំបន់ទៅកាន់ទីកន្លែងសុវត្ថិភាព។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏បានអំពាវនាវភាគីថៃឱ្យបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ហើយងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ។

ជាមួយគ្នានោះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសចំពោះសកម្មភាពឈ្លានពានរបស់ភាគីថ មកលើបូរណភាពទឹកដីរបស់កម្ពុជា និងការបន្តបំផ្លាញបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ ដោយបន្តរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាឆ្នាំ១៩៧២ ស្ដីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌និងធម្មជាតិពិភពលោក និងអនុសញ្ញាឆ្នាំ១៩៥៤ស្ដីពីកិច្ចការពារសម្បត្តិវប្បធម៌ក្នុងពេលមានជម្លោះប្រដាប់អាវុធ ដែលរដ្ឋភាគីទាំងអស់នៃអនុសញ្ញានេះត្រូវគោរពយ៉ាង ម៉ឺងម៉ាត់បំផុត ហើយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ៕