ជនជាតិចិន ២នាក់ ត្រូវអាមេរិកចាប់ខ្លួន ពីបទនាំចេញបន្ទះឈីប AI តម្លៃរាប់សិបលានដុល្លារ ទៅចិន

អន្តរជាតិ

ក្រសួងយុត្តិធម៌អាមេិរក កាលពីថ្ងៃទី៥ ខែសីហាកន្លងទៅ បាននិយាយថា ជនជាតិចិន ២នាក់ ត្រូវបានចាប់ខ្លួនភ្លាមៗនៅរដ្ឋកាលីហ្វ័រញ៉ា បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទលួចដឹកជញ្ជូនដោយខុសច្បាប់នូវបន្ទះឈីប AI ដែលមានតម្លៃរាប់សិបលានដុល្លារ ទៅកាន់ប្រទេសចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជនជាប់ចោទទាំងពីរនោះ រួមមាន Chuan Geng អាយុ ២៨ឆ្នាំ​ នៅរស់នៅទីក្រុង Pasadena និងម្នាក់ទៀតឈ្មោះ Shiwei Yang អាយុ ២៨ឆ្នាំ រស់នៅ El Monte ដែលបាននាំចេញបន្ទះឈីប AI កម្រិតខ្ពស់ របស់ក្រុមហ៊ុន Nvidia និងបច្ចេកវិទ្យាផ្សេងទៀត ទៅកាន់ប្រទេសចិន គិតចាប់ពីខែតុលា ឆ្នាំ២០២២ ដល់ខែកក្កដា ឆ្នាំ២០២៥ ដោយគ្មានអាជ្ញាប័ណ្ណដែលទទួលស្គាល់ពីនាយកដ្ឋានពាណិជ្ជកម្មសហរដ្ឋអាមេរិកឡើយ។

គួរឲ្យដឹងផងដែរថា យោងតាមពាក្យបណ្តឹង ក្រុមហ៊ុន ALX Solutions Inc ដែលបង្កើតឡើងក្នុងឆ្នាំ២០២២ ក៏មានជាប់ពាក់ព័ន្ធនៅក្នុងសំណុំរឿងនេះផងដែរ​ ពោលគឺបន្ទាប់ពីសហរដ្ឋអាមេរិក បានដាក់ការត្រួតពិនិត្យលើការនាំចេញយ៉ាងទូលំទូលាយ លើបច្ចេកវិទ្យា ទៅកាន់ប្រទេសចិន ហើយចាប់ផ្តើមទាមទារអាជ្ញាប័ណ្ណ សម្រាប់បន្ទះឈីប។

ជម្រាបជូនផងដែរថា តាមច្បាប់អ្នកទាំងពីរអាចជាប់ពន្ធនាគារ ២០ឆ្នាំ ប៉ុន្តែទោះជាយ៉ាងណា Geng ដែលជាអ្នករស់នៅអចិន្ត្រៃយ៍នៅអាមេរិក ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ដោយបង់ប្រាក់តម្កល់ ២៥០ ០០០ដុល្លារ និង Yang ដែល​ស្នាក់នៅ​លើស​ទិដ្ឋាកា នៅតែបន្តឃុំខ្លួន​ ដើម្បីសាកសួរបន្ថែម៕​