អាមេរិក បន្តផ្តល់ជំនួយ ១,៣ពាន់លានដុល្លារ ដល់អ៊ុយក្រែន ដើម្បីងើបចេញពីសង្គ្រាម

អន្តរជាតិ

រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃពុធកន្លងទៅថា សហរដ្ឋអាមេរិក នឹងបន្តបញ្ជូនជំនួយទឹកប្រាក់ ១,៣ពាន់លានដុល្លារ បន្ថែមទៀត ដល់អ៊ុយក្រែន ដើម្បីជួយប្រទេស ដែលកំពុងរងគ្រោះដោយសារសង្គ្រាមមួយនេះ កសាងបណ្តាញថាមពល និងធ្វើទំនើបកម្មកំពង់ផែ ផ្លូវរថភ្លើង រួមទាំងជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។ នេះបើតាមការចុះផ្សាយពី Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Blinken បាននិយាយប្រាប់ទៅកាន់សន្និសីទមួយ ស្តីពីការងើបឡើងវិញរបស់អ៊ុយក្រែន នៅក្នុងទីក្រុងឡុងដ៏នាពេលថ្មីៗនេះថា ៖ ” ការស្តាឡើងវិញ និងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់អ៊ុយក្រែន ក្នុងការប្រែក្លាយទៅជាប្រទេសឯករាជ្យមួយ ដែលមានសុខសុវត្ថិភាព ជាមួយនឹងការធ្វើសមាហរណកម្មយ៉ាងពេញលេញជាមួយអឺរ៉ុប ភ្ជាប់ទៅនឹងទីផ្សារជុំវិញពិភពលោក។ ហើយដោយមានការគាំទ្រពីសភាអាមេរិក យើងនឹងផ្តល់ជំនួយជាទឹកប្រាក់បន្ថែម ១,៣ពាន់លានដុល្លារ​ ដើម្បីជួយអ៊ុយក្រែនឆ្ពោះទៅរកគោលដៅនោះ ” ។

មិនតែប៉ុណ្ណោះ លោក Blinken បាននិយាយទៀតថា ក្នុងចំណោមចំនួនទឹកប្រាក់ទាំងនោះ ៥២០លានដុល្លារ នឹងត្រូវបែងចែក ក្នុងការជួយអ៊ុយក្រែនជួសជុលបណ្តាញថាមពល ដែលរងការខូចខាត ស្របពេលទឹកប្រាក់ ៦៥៧លានដុល្លារផ្សេងទៀត នឹងត្រូវប្រើប្រាស់ ដើម្បីជួយធ្វើទំនើបកម្មច្រកឆ្លងកាត់ព្រំដែន កំពង់ផែ ខ្សែរថភ្លើង និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត ។

ដោយឡែក សម្រាប់ទឹកប្រាក់ប្រហែល ១០០លានដុល្លារផ្សេងទៀត នឹងត្រូវប្រើប្រាស់់ដើម្បីជួយក្នុងប្រព័ន្ធឌីជីថលរបស់គយ និងប្រព័ន្ធផ្សេងទៀត របស់អ៊ុយក្រែន ដើម្បីបង្កើនល្បឿន និងកាត់បន្ថយអំពើពុករលួយ ខណ:ទឹកប្រាក់ ៣៥លានដុល្លារផ្សេងទៀត នឹងជួយដល់អាជីវកម្មអ៊ុយក្រែន តាមរយ:ការផ្តល់ហិរញ្ញប្បទាន និងធានារ៉ាប់រង ៕