សម្តេចធិបតី៖ កម្ពុជា បានស្នើសុំឱ្យមានការដោះលែងយោធិនកម្ពុជាទាំង ១៨រូប នៅក្នុងកិច្ចប្រជុំ GBC

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត​​ បានសម្តែងការអបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យនូវកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ដោយមានការចូលរួមសង្កេតការណ៍ពី ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះជាការអនុវត្តនូវចំណុចដែលបានឯកភាពគ្នា រវាងសម្តេចធិបតី និង ឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ នៅក្នុងកិច្ចប្រជុំពិសេស នៅទីក្រុង Putrajaya, ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលសហរៀបចំដោយម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ដោយមានការចូលរួមដ៏សកម្មពីសាធារណរដ្ឋប្រជាមានិតចិន។

ភាគីទាំងពីរ កម្ពុជា-ថៃបានពិភាក្សានិងឯកភាពគ្នាលើលក្ខខណ្ឌនៃការអនុវត្តបទឈប់បាញ់ និងការបង្កើនការប្រាស្រ័យទាក់ទងគ្នារវាងកងទ័ពទាំងពីរ។ ភាគីទាំងពីរក៏បានឯកភាព រៀបចំកិច្ចប្រជុំរួមនៃគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) ក្នុងរង្វង់ពីរសប្តាហ៍ និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ក្នុងរង្វង់មួយខែក្រោយកិច្ចប្រជុំវិសាមញ្ញ GBC នេះ។ ក្នុងករណីចាំបាច់ភាគីទាំងពីរអាចកោះប្រជុំ វិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ក្នុងទម្រង់ដូចលើកនេះ។

ភាគីទាំងពីរក៏បានយល់ព្រមជំរុញការរៀបចំលក្ខខណ្ឌយោង (TOR) សម្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team) ឱ្យបានឆាប់រហ័សបំផុត ដែលជាយន្តការតាមដានត្រួតពិនិត្យការអនុវត្តបទឈប់បាញ់។ ក្នុងដំណាក់កាលបឋម ភាគីទាំងពីរបានឯកភាពឱ្យមានក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (Interim Observer Team) ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីដើម្បីសង្កេតការណ៍ភ្លាមៗ និងបន្តរៀបចំក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team)។

ក្រៅពីប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ម៉ាឡេស៊ីក៏បានដឹកនាំនិងនិងសម្របសម្រួល កិច្ចពិភាក្សាអំពីការរៀបចំលក្ខខណ្ឌយោង (TOR) សម្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team) ដែលមានការចូលរួមពីភាគីកម្ពុជានិងថៃ ក្នុងគោលដៅរៀបចំឱ្យបានឆាប់រហ័សបំផុត និងដាក់ឲ្យអនុវត្តនូវយន្តការតាមដានត្រួតពិនិត្យការអនុវត្តបទឈប់បាញ់នេះ។

សម្តេចធិបតី បានបញ្ជាក់បន្ថែមថា តាមរយៈកិច្ចប្រជុំនោះ ភាគីកម្ពុជាក៏បានស្នើសុំឱ្យមានការដោះលែងយោធិនកម្ពុជាទាំង ១៨រូប ដែលស្ថិតនៅក្រោមការឃុំគ្រងរបស់កងទ័ពថៃឲ្យបានឆាប់រហ័សផងដែរ។

គិត​មក​ដល់​ថ្ងៃទី​៧ សីហានេះ មាន​រយៈពេល​១០ថ្ងៃហើយ ដែល​ទាហាន​កម្ពុជា ១៨​រូប ត្រូវ​បាន​ទាហាន​ថៃខ្លួន កាលពី​ថ្ងៃទី​២៩ កក្កដា បន្ទាប់​ពី​បទ​ឈប់​បាញ់ចូលជាធរមាន។ ដោយ​ឡែក កាលពីថ្ងៃទី​១ សីហា ទាហានថៃ បាន​បញ្ជូន​ទាហាន​កម្ពុជាតែ ២រូបប៉ុណ្ណោះ ត្រឡប់មក​កម្ពុជាវិញ ក្រោយ​មាន​បញ្ហាសុខភាព និង​វង្វេងស្មារតី៕ អត្ថបទ៖ ហ្សាលីន