កម្ពុជា បានផ្ញើលិខិតជាផ្លូវការទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព ដើម្បីគាំទ្របេក្ខភាពលោក ប្រធានាធិបតីអាមេរិក Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព។នេះបើតាមការឱ្យដឹងពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ស្របតាមសំណូមពររបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និងដើម្បីជាការថ្លែងអំណរគុណចំពោះលោកប្រធានាធិបតី Donald Trump ដែលលោក បានយកចិត្តទុកដាក់ដោយផ្ទាល់ ក្នុងការផ្ដួចផ្ដើមនិងជំរុញឲ្យមានបទឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់រហូតដល់មានសន្តិភាពពេញលេញរវាងប្រទេសទាំងពីរ។
សម្តេចបន្តថា៖«ខ្ញុំក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតជាផ្លូវការទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព ដើម្បីគាំទ្របេក្ខភាពឯកឧត្តមប្រធានាធិបតី Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព»។
សូមជម្រាបដែរថា ក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី កាលរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ភាគីកម្ពុជា-ថៃ បានបន្តប្ដេជ្ញាចិត្ត ដើម្បីអនុវត្តតាមអនុស្សរណៈយោគយល់ដែលសម្រេចបាននៅឯកិច្ចប្រជុំពិសេសកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្នុងនោះរួមមានបទឈប់បាញ់ និងការបង្កើតក្រុមអ្នកអង្កេតការណ៍អាស៊ានដឹកនាំដោយម៉ាឡេស៊ីដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់។
ការឯកភាពលើបទឈប់បាញ់គ្នានេះ គឺធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានឯកភាពគ្នាតាមគំនិតផ្ដួចផ្ដើមរបស់លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក៕ អត្ថបទ៖ ហ្សាលីន



