រយៈពេល៧ខែ ឆ្នាំ​២០២៥ កម្ពុជានាំចេញអង្ករជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់​ជាង ៣០០លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងរយៈពេល៧ខែនៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៤២០ ៥៧២តោន​ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥១ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៥។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ខាងលើ បានឱ្យដឹងថា ការនាំចេញទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ​២៦ ​បានបរិមាណអង្ករចំនួន ២០០ ៧៧២ តោន គិតជាទឹកប្រាក់ចំនួន ១៥៦.៩២​ លានដុល្លារសហរដ្ឋអាមេរិក  ទៅកាន់ប្រទេសចិន ​និងហុងកុង ចំនួន ១០៥ ៦២១ តោន គិតជាទឹកប្រាក់ចំនួន ៦២.១៣ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៧ ប្រទេសបានបរិមាណចំនួន  ៥៧ ១៧៩ តោន​ គិតជាទឹកប្រាក់ចំនួន ៤០.១៤ លានដុល្លារសហរដ្ឋអាមេរិក។

លើសពីនេះ ក៏បាននាំចេញទៅកាន់គោលដៅ ៣២ ប្រទេសផ្សេងទៀត រួមមាន អាហ្វ្រិក   មជ្ឈឹម បូព៌ា អាមេរិក  កាណាដា  អូស្ត្រាលី  ញ៉ូហ្សេឡេន ។ល។ បានចំនួន   ៥៧ ០០០ តោន គិតជាទឹកប្រាក់ចំនួន  ៥០.១៣ លានដុល្លារសហរដ្ឋអាមេរិក។

បើតាមសហព័ន្ធស្រូវអង្ករ ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧៧.៦៥% ប្រភេទអង្ករសគ្រាប់វែង ១៥.៦១% អង្ករចំហ៊ុយ ៣.២៧% អង្ករសរីរាង្គចំនួន ២.៦១%  និងអង្ករផ្សេងៗចំនួន ០.៨៦% ។

គូសបញ្ជាក់ថា ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៣ ៨៧៣ ០៧៨ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប្រមាណ ៩១៤.២១ លានដុល្លារសហរដ្ឋអាមេរិក ៕