ក្នុងរយៈពេល៧ខែនៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៤២០ ៥៧២តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥១ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៥។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា។

របាយការណ៍ខាងលើ បានឱ្យដឹងថា ការនាំចេញទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ២០០ ៧៧២ តោន គិតជាទឹកប្រាក់ចំនួន ១៥៦.៩២ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ១០៥ ៦២១ តោន គិតជាទឹកប្រាក់ចំនួន ៦២.១៣ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៧ ប្រទេសបានបរិមាណចំនួន ៥៧ ១៧៩ តោន គិតជាទឹកប្រាក់ចំនួន ៤០.១៤ លានដុល្លារសហរដ្ឋអាមេរិក។
លើសពីនេះ ក៏បាននាំចេញទៅកាន់គោលដៅ ៣២ ប្រទេសផ្សេងទៀត រួមមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ៥៧ ០០០ តោន គិតជាទឹកប្រាក់ចំនួន ៥០.១៣ លានដុល្លារសហរដ្ឋអាមេរិក។
បើតាមសហព័ន្ធស្រូវអង្ករ ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧៧.៦៥% ប្រភេទអង្ករសគ្រាប់វែង ១៥.៦១% អង្ករចំហ៊ុយ ៣.២៧% អង្ករសរីរាង្គចំនួន ២.៦១% និងអង្ករផ្សេងៗចំនួន ០.៨៦% ។
គូសបញ្ជាក់ថា ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៣ ៨៧៣ ០៧៨ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប្រមាណ ៩១៤.២១ លានដុល្លារសហរដ្ឋអាមេរិក ៕



