កាសែតធំបំផុតរបស់ជប៉ុន ប្តឹងក្រុមហ៊ុន AI Perplexity របស់អាមេរិក ទារសំណងជិត ១៥លានដុល្លារ

អន្តរជាតិ

កាសែត Yomiuri ដែលជាកាសែតធំជាងគេរបស់ប្រទេសជប៉ុន បានធ្វើការប្តឹងក្រុមហ៊ុន AI Perplexity របស់សហរដ្ឋអាមេរិក ពីបទប្រើប្រាស់អត្ថបទ និងរូបភាព ដោយគ្មានការអនុញ្ញាត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាសែត Yomiuri បាននិយាយកាលពីថ្ងៃទី១០ ខែសីហាថា ប្រព័ន្វផ្សព្វផ្សាយធំៗចំនួន៣ របស់ខ្លួន គឺ Yomiuri Shimbun, Yomiuri Shimbun Osaka និង Yomiuri Shimbun Seibu បានដាក់ពាក្យប្តឹងទៅតុលាការក្រុងតូក្យូ ដោយទាមទារឲ្យ Perplexity ដែលជាក្រុមហ៊ុន AI ចាប់ផ្តើមថ្មី នៅសហរដ្ឋអាមេរិក បញ្ឈប់ការប្រើប្រាស់មាតិការបស់ពួកគេ ដោយខុសច្បាប់ និងទាមទារសំណងចំនួន ២,១៧ពាន់លានយ៉េន (ឬប្រហែលជិត ១៥លានដុល្លារអាមេរិក) ។

គួរឲ្យដឹងថា នេះជាលើកទីមួយហើយដែលក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដ៏ធំរបស់ជប៉ុន ប្តឹងក្រុមហ៊ុន AI របស់ប្រទេសលោកខាងលិច។ Yomiuri គឺជាកាសែតដ៏ធំបំផុតរបស់ប្រទេសជប៉ុន និងជាកាសែតបោះពុម្ពផ្សាយធំជាងគេបំផុតរបស់ពិភពលោក ដោយមានចរាចរចន្លោះពី ៧ ទៅ ៩ លានច្បាប់ក្នុងមួយថ្ងៃ។

យ៉ាងណាមិញ នៅក្នុងពាក្យបណ្ដឹងនោះ Yomiuri ចោទប្រកាន់ Perplexity ចំពោះការប្រមូល និងចម្លងអត្ថបទដោយខុសច្បាប់ចំនួន ១១៩ ៤៦៧ ពីគេហទំព័ររបស់កាសែត នៅចន្លោះខែកុម្ភៈ ដល់ខែមិថុនា ហើយផ្តល់ចម្លើយស្រដៀងគ្នាដល់អ្នកប្រើប្រាស់។ កាសែត​ដដែលនេះ បាន​អះអាងទៀត​ថា នេះ​គឺជាបំពាន​ច្បាប់​រក្សាសិទ្ធិ​របស់​ប្រទេស​ជប៉ុន៕​