កូរ៉េខាងត្បូង គ្រោងបង្កើនប្រាក់កម្ចីដល់វៀតណាមជាង ៥០លានដុល្លារ នៅឆ្នាំនេះ

អន្តរជាតិ

រដ្ឋាភិបាលកូរ៉េខាងត្បូង គ្រោងនឹងធ្វើការបង្កើនប្រាក់កម្ចីនៃជំនួយអភិវឌ្ឍផ្លូវការ (ODA) ទៅឲ្យប្រទេសវៀតណាម ៥០% បន្ថែមទៀតលើសពីឆ្នាំមុន ឲ្យដល់ចំនួន ៥២លានដុល្លារ នៅឆ្នាំ២០២៤ នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Chang Won-sam ជាប្រធានស្ថាប័ន KOICA ដែលគ្រប់គ្រងទៅលើគម្រោងផ្តល់ជំនួយ ស្ថិតក្រោមរដ្ឋាភិបាលកូរ៉េខាងត្បូង បានប្រាប់ទៅកាន់ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang កាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលកូរ៉េខាងត្បូង និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ នៅតែបន្តវាយតម្លៃខ្ពស់ចំពោះវៀតណាម ក្នុងការផ្តល់ជំនួយជាប្រាក់កម្ចីបន្ថែមទៀត។

រំលឹកផងដែរថា នៅខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ​ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានធ្វើការសន្យាថានឹងអនុញ្ញាតឲ្យវៀតណាម ខ្ចីប្រាក់ចំនួន ២០០លានដុល្លារ នៅក្នុងកិច្ចព្រមព្រៀងជា ODA ចន្លោះពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៧ ដើម្បីផ្តោតទៅលើវិស័យបរិស្ថាន សេវាថែទាំសុខភាព ការអប់រំ និងការផ្លាស់ប្តូរឌីជីថល។

ទន្ទឹមនឹងនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Quang បានបង្ហាញឲ្យដឹងទៀតថា កន្លងមក កូរ៉េខាងត្បូងបាននិងកំពុងផ្តល់ប្រាក់កម្ចីជាច្រើនដល់វៀតណាម ប្រកបដោយប្រសិទ្ធភាព និងលឿនបំផុត ខណ:ពេលដែលរដ្ឋាភិបាលវៀតណាម ក៏កំពុងព្យាយាមជំរុញឲ្យកូរ៉េខាងត្បូង បង្កើនជំនួយបន្ថែមទៀត ជាពិសេសនៅក្នុងការផ្លាស់ប្តូរប្រព័ន្ធឌីជីថល និងការច្នៃប្រឌិតផ្សេងៗ។

ជម្រាបជូនផងដែរថា កូរ៉េខាងត្បូង បាននាំមុខគេលើការវិនិយោគផ្ទាល់ពីបរទេស របស់វៀតណាម ជាមួយនឹងដើមទុនចុះបញ្ជីសរុបដែលមានតម្លៃប្រាមណ ៨៦ពាន់លានដុល្លារ ខណ:ប្រទេសនេះ ក៏បានជាប់ចំណាត់ថ្នាក់ទីបី នៅក្នុងការធ្វើពាណិជ្ជកម្មទ្វេភាគីដែលមានចំនួន ៧៦ពាន់លានដុល្លារ កាលពីឆ្នាំមុន ផងដែរ៕