លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានចេញសេចក្តីសម្រេចផ្អាកមុខងារលោក ស៊ាន បូរ៉ាត ពីអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បន្ទាប់ពីការស៊ើបអង្កេតមានការពាក់ព័ន្ធនឹងសំណុំរឿងជាមួយអតីតឧកញ៉ា ឡេង ចាន់ណា ករណីឆបោកទ្រង់ទ្រាយធំនៅខេត្តកំពង់ធំ និងខេត្តសៀមរាប។

យោងតាមសេចក្តីសម្រេចរបស់លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង នៅល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ត្រូវផ្អាកមុខងារលោក ស៊ាន បូរ៉ាត អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ហើយលោក ស៊ាន បូរ៉ាត ត្រូវមកបង្ហាញខ្លួនរៀងរាល់ថ្ងៃធ្វើការនៅអង្គភាព។
សូមបញ្ជាក់ថា កាលពីថ្ងៃនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបើកការស៊ើបអង្កេតទៅលើលោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងឧត្តមសេនីយ៍ឯក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ដែលពាក់ព័ន្ធនឹងសំណុំរឿងជាមួយអតីតឧកញ៉ា ឡេង ចាន់ណា ករណីឆបោកទ្រង់ទ្រាយធំនៅខេត្តកំពង់ធំ និងខេត្តសៀមរាប ដែលមានអ្នកចាញ់បោករាប់ពាន់នាក់ និងគិតជាទឹកប្រាក់រាប់លានដុល្លារ។
អតីតឧកញ៉ា ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុន ប្រ៊ីលានស៊ីធី ត្រូវបានតុលាការសម្រេចឃុំខ្លួនពីបទល្មើសព្រហ្មទណ្ឌចំនួន ០៣ រួមមាន៖ ១. បទឆបោកមានស្ថានទម្ងន់ទោស ២. បទមិនបំពេញកាតព្វកិច្ចឧបករណ៍ដែលអាចជួញដូរបាន ៣. បទសម្អាតប្រាក់ កាលពីដើមខែមីនា ឆ្នាំ២០២៤។ បន្ទាប់មក លោកស្រី ត្រូវបានប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារ «ឧកញ៉ា» នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤៕


