កម្ពុជាប្រមូលចំណូលពីការនាំចេញផលិតផលដំណាំប្រមាណ ៣ ១៨៣ លានដុល្លារ ត្រឹមរយៈពេល៧ខែ

សង្គម​ និង​សេដ្ឋកិច្ច

យោងតាមរបាយការណ៍ស្តីពីការស្ថានភាពនៃការនាំចេញផលិតផលដំណាំរបស់អគ្គនាយកដ្ឋានកសិកម្មបានបង្ហាញថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥នេះ ការនាំចេញផលិតផលដំណាំទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្មទទួលបាន ផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ ឬហៅកាត់ថា National Phytosanitary Database មានបរិមាណសរុបជាង ៨លានតោន ក្នុងនោះផលិតផលដំណាំក្រៅពីស្រូវ-អង្ករមានជាង៤លានតោន ស្រូវមានជាង៣លានតោន និងអង្ករមានជាង ៤២ម៉ឺនតោន ទៅកាន់ទិសដៅ ៨១ប្រទេស ដោយមានការកើនឡើងជាង៣១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ខាលើ បានគូសបញ្ជាក់ថា “ក្នុងរយៈពេល៧ខែឆ្នាំ២០២៥ ការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ ដែលទទួលបានពីការនាំចេញ ផលិតផលដំណាំមានជាង៣ ១៨៣ លានដុល្លារ ដែលក្នុងនោះតម្លៃការនាំចេញផលិតផលដំណាំក្រៅពីស្រូវ-អង្ករមានជាង២០៦៦ លានដុល្លារ, តម្លៃពីការនាំចេញស្រូវមានជាង៧៧៨ លានដុល្លារ និងតម្លៃពីការនាំចេញអង្ករមានជាង ៣៣៩ លានដុល្លារអាម៉េរិក។ ចំពោះការនាំចេញផលិតផលដំណាំក្រៅពីស្រូវទៅប្រទេសថៃតាមផ្លូវទឹក មានចំនួន ២៥៥ លានដុល្លារស្មើនឹងប្រមាណ ៨ភាគរយ បើប្រៀបធៀបនឹងតម្លៃនៃការនាំចេញសរុប”។

បើតាមរបាយការណ៍ ការនាំចេញផលិតផលដំណាំក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥, សម្រាប់ស្រូវនាំចេញកើនឡើង៧៧ភាគរយ, អង្ករកើនឡើង១១ភាគរយ, ដំឡូងមីស្រស់ ថយចុះ៧ភាគរយ, ចំណិតដំឡូងមីក្រៀមកើនឡើង៦០ភាគរយ, គ្រាប់ស្វាយចន្ទីកើនឡើង៩ភាគរយ, ផ្លែស្វាយស្រស់ថយចុះ៦ភាគរយ, ផ្លែចេកស្រស់កើនឡើង២១ភាគរយ, គ្រាប់ពោតថយចុះ២០ភាគរយ, ផ្លែមៀនស្រស់កើនឡើង២៣ភាគរយនិងផលិតផលដំណាំចំនួន៨១មុខផ្សេងទៀតកើនឡើង១ភាគរយ។

របាយការណ៍បានបង្ហាញឱ្យដឹងទៀតថា ការនាំចេញផលិតផលដំណាំក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥ ទោះបីមានកំណើនឡើងជាង៣១ភាគរយ  តែផលិតផលដំណាំមួយចំនួនមានការថយចុះ ដែលបណ្តាលមកពីមូលហេតុដូចខាងក្រោម៖(១)-ការនាំចេញដំឡូងមីស្រស់ថយចុះ ដោយសារប្រជាកសិករបំប្លែងពីដំឡូងមីស្រស់ទៅក្រៀម និងកែច្នៃ ជាម្សៅ ដើម្បីអាចរក្សាទុកបានយូរ និងមានតម្លៃខ្ពស់។ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥នេះ ការនាំចេញ ដំឡូងមីក្រៀមកើនឡើងជាង៦០ភាគរយ និងម្សៅដំឡូងមីកើនឡើងជាង៧៣ភាគរយ បើធៀបនឹង រយៈពេលដូចគ្នាឆ្នាំ២០២៤។

(២)-ការនាំចេញផ្លែស្វាយស្រស់ថយចុះ ដោយសាររោងចក្រដំណាប់ស្វាយក្នុងស្រុកបានប្រមូលទិញផ្លែ ស្វាយស្រស់មកកែច្នៃជាដំណាប់ស្វាយដើម្បីនាំចេញទៅទីផ្សារក្រៅប្រទេស។ គិតត្រឹមរយៈពេល ៧ខែ ឆ្នាំ២០២៥នេះ ការនាំចេញដំណាប់ស្វាយមានការកើនឡើងជាង២១ភាគរយ បើធៀបនឹងរយៈពេល ដូចគ្នាឆ្នាំ២០២៤និង (៣)-ការនាំចេញគ្រាប់ពោតក្រហមថយចុះ ដោយសារការបិទព្រំដែនជាឯកតោភាគីរបស់ប្រទេសថៃ ទើប មិនអាចនាំចេញពោតក្រហមទៅកាន់ប្រទេសថៃបាន៕