ស្ថានទូត និងអ្នកគាំទ្របដិសេដការចុះផ្សាយពីក្រុមវិទ្យុបំរើបរទេសរឿងគៀងគរប្រជាពលរដ្ឋឲ្យគាំទ្រសម្តេចធិបតី​ ហ៊ុន ម៉ាណែត ទស្សនកិច្ចផ្លូវការនៅថៃ

សង្គម​និង​សេដ្ឋកិច្ច

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ និងអ្នកគាំទ្រ​បានច្រានចោលការចុះផ្សាយចោទប្រកាន់ពីក្រុមអ្នកសារព័ត៌មានបំរើបរទេស ដោយអះអាងថាការចោទដែលថា​ ស្ថានទូត និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជានៅប្រទេសថៃ ធ្វើការគៀងគរប្រជាពលរដ្ឋ និងនិស្សិតខ្មែរកំពុងសិក្សានិងធ្វើការនៅទីនោះគឺជារឿងប្រឌិតដើម្បីកេងចំណេញនយោបាយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានលើកឡើងថា សម្រាប់សម្តេចធិបតីប្រហែលពួកគាត់មានការយល់ច្រឡំហើយថាចាំបាច់ទាល់តែមានការគៀងគរ ទើបមានប្រជាពលរដ្ឋមកគាំទ្រទទួលស្វាគមន៍ដំណើរសម្តេចធិបតីបំពេញបេសកកម្មផ្លូវការទៅប្រទេសថៃ។

លោក ហ៊ុន សារឿន ថ្លែងថា៖ «សម្តេចធិបតីគឺជាទីគោរពស្រឡាញ់របស់បងប្អូនខ្មែរទាំងក្នុងប្រទេសនិងក្រៅប្រទេស ជាពិសេសនៅក្នុងស្រទាប់យុវជនតែម្តង លោកមានប្រជាប្រិយភាពខ្ពស់ ដោយសារសមត្ថភាពសកម្មភាពរបស់លោកធ្វើការគិតអំពីប្រជាជនជាធំ ផលប្រយោជន៍ សុវត្ថិភាពប្រជាជន ហើយនឹងផលប្រយោជន៍ប្រទេសជាតិជាធំ។ ត្រង់ចំណុចនេះធ្វើឲ្យប្រជាជនខ្មែរនៅគ្រប់ទិសទីគោរពស្រឡាញ់លោក ចឹងដំណឹងលោកទៅគឺមានតែអ្នកទៅគាំទ្រស្វាគមន៍ដំណើរអញ្ជើញរបស់លោក និងលោកជំទាវបណ្ឌិត…! នេះជាការពិតដែលយើងបានដឹង ហើយការចោទប្រកាន់ថាមានការគំរាមគំហែងគៀងគរយ៉ាងណានោះគឺជាសេរីភាពក្នុងការនិយាយរបស់គេទេ ប៉ុន្តែការពិតនៅតែជាការពិត»។

លោក ហ៊ុន សារឿន បានបន្តថា​ សម្រាប់ការបំភ្លៃពីក្រុមប្រឆាំងនោះគឺជាសិទ្ធិរបស់គេក្នុងការបំភ្លៃ ហើយយើងក៏មានសិទ្ធិក្នុងការនិយាយការពិតផងដែរ។

ជុំវិញាការចោទប្រកាន់ពីក្រុមប្រឆាំងនេះដែរ អ្នកឧកញ៉ា ឡេង ប្រុស ដែលរងនូវការចោទប្រកាន់ថាដើរគៀងគរប្រជាពលរដ្ឋ និងនិស្សិតខ្មែរនៅក្រុងបាងកក ដើម្បីមកទទួលស្វាគមន៍គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាបំពេញបេសកកម្មនៅថៃនោះ លើកឡើងថា វិទ្យុភាសាខ្មែរដែលនៅក្រៅប្រទេសមួយចំនួននិយាយចោទប្រកាន់ដោយមិនមានមូលដ្ឋានច្បាស់លាស់នោះទេ ដំណើរទស្សនកិច្ចសម្តេចធិបតីនៅថៃក្នុងរយៈពេលខ្លីដូច្នេះសម្តេចមិនមានកម្មវិធីជួបជុំឡើយ ចឹងចោទដើរគៀងគរគឺជារឿងបំភ្លៃ។

អ្នកឧកញ៉ា ឡេង ប្រុស ថ្លែងថា៖ «ជាក់ស្តែងសម្តេចមហាបវរធិបតីអញ្ជើញមកប្រទេសថៃនេះរយៈពេលតែមួយថ្ងៃទេ…ហើយមានកិច្ចប្រជុំ និងកិច្ចកិច្ចពិភាក្សាចង្អៀតច្រើន ចឹងលោកមិនមានគម្រោងជួបសហគមន៍បងប្អូនជនជាតិខ្មៅនៅក្រុងបាងកកនោះទេ។ យើងអត់មានគៀងគរ ព្រោះដោយសារអត់មានការជួបជុំ…! ចឹងអ្វីដែលវិទ្យុទាំងនោះធ្វើការផ្សព្វផ្សាយមិនមានជាការពិតនោះ»។

ជាមួយគ្នានេះដែរ សម្រាប់ដំណើរទស្សនកិច្ចសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៅប្រទេសថៃ ហើយមានប្រជាពលរដ្ឋ និស្សិតខ្មែរថៃ បានធ្វើការចេញវីដេអូគាំទ្រនោះលោក ហ៊ុន សារឿន បានបញ្ជាក់ថា ជាសិទ្ធិគាំទ្រ និងការស្រឡាញ់ពេញចិត្តរបស់បងប្អូនអ្នកគាំទ្រ។

លោកបន្ថែមថា លោកពិតជារំភើបខ្លាំងណាស់នៅពេលបានឃើញវីដេអូរបស់បងប្អូនរបស់យើងគ្រប់ស្រទាប់ទាំងអស់កំពុងរស់នៅប្រទេសថៃបានផលិតវីដេអូចេញពីឆន្ទៈដោយខ្លួនឯងស្វាគមន៍នូវដំណើរទស្សនកិច្ចរបស់សម្តេចធិបតីមកកាន់ប្រទេសថៃ ទាំងអស់នេះជាការបង្ហាញនូវទឹកចិត្តគោរពស្រលាញ់របស់ពួកគាត់មកកាន់សម្តេចធិបតី និងលោកជំទាវបណ្ឌិត។

ក្នុងនាមឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ​ លោក ហ៊ុន សារឿន សូមសំដែងនូវការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះបងប្អូនទាំងអស់ដែលបានបង្ហាញតាមរយៈវីដេអូ និងបងប្អូនមួយចំនួនធំទៀតក៏មានការគាំទ្រដំណើរទស្សនកិច្ចសម្តេចធិបតីយ៉ាងខ្លាំង៕