ស្ថាប័នជំនាញ កំពុងពន្លឿនការអភិវឌ្ឍលើគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញឱ្យបានឆាប់

សង្គម​ និង​សេដ្ឋកិច្ច

ស្ថាប័នជំនាញ បាន​បើកកិច្ចពិភាក្សារួមគ្នា ដើម្បីជំរុញ និងពន្លឿនគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ PPLC (Phnom Penh Logistics Complex) សំដៅឈានទៅពន្លឿនការអភិវឌ្ឍគម្រោងឱ្យលេចចេញជារូបរាងនាពេលឆាប់ៗខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំពិភាក្សាលើគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ PPLC (Phnom Penh Logistics Complex) ដែលបានធ្វើឡើងកាលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២ ដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន, ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ថ្នាក់ដឹកនាំក្រុមហ៊ុន YCH Group, ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ។

កិច្ចប្រជុំនារសៀលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បី ពិនិត្យពិភាក្សាលើបច្ចុប្បន្នភាព និងវឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (PPLC) ជាមួយក្រុមហ៊ុន YCH Group ដែលជាភាគីអភិវឌ្ឍគម្រោង មុននឹងបន្តនីតិវិធីជំហានបន្ទាប់នាពេលខាងមុខ។

គួររម្លឹកដែរថា៖ គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (PPLC) គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងវិស័យដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងប្រទេស។ គម្រោងនេះមានគោលបំណងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និងបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងវិស័យភស្តុភារកម្មរបស់កម្ពុជាទៅក្នុងតំបន់។

ជាងនេះទៀត គម្រោងនេះ ក៏នឹងចូលរួមលើកកម្ពស់ភាពប្រកួតប្រជែងវិស័យភស្តុភារកម្មក្នុងតំបន់ និងការទាក់ទាញវិនិយោគបរទេសឱ្យចូលរួមអភិវឌ្ឍន៍វិស័យឡូជីស្ទីក និងឧស្សាហកម្មនៅកម្ពុជាជាបន្តបន្ទាប់ សំដៅលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការបង្កើតការងារជូនប្រជាពលរដ្ឋបន្ថែមទៀត ព្រមទាំងការកាត់បន្ថយថ្លៃចំណាយដឹកជញ្ជូន និងឡូជីស្ទីកផងដែរ៕អត្ថបទ៖ ហ្សាលីន