ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឱ្យដឹងថា បន្ទាប់ពីការចរចាអស់រយៈពេលជាច្រើនឆ្នាំ និងការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ក្នុងការស្វែងរក និងទាមទារសម្បត្តិវប្បធម៌ខ្មែរដែលបានបាត់បង់ត្រឡប់មកកម្ពុជាវិញ បានឈានដល់កិច្ចព្រមព្រៀងជាមួយលោក István Zelnik ស្តីពីការប្រគល់វត្ថុសិល្បៈខ្មែរទាំងអស់ ដែលលោក Zelnik កំពុងកាន់កាប់ជូនមកកម្ពុជាវិញ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ក្នុងចំណោមវត្ថុសិល្បៈខ្មែរសំខាន់ៗ ដែលបានព្រមព្រៀងប្រគល់មកកម្ពុជាវិញនាពេលនេះ មានជាអាទិ៍៖ វាយនភណ្ឌសូត្រខ្មែរចំនួន១៨៣ផ្ទាំង ដែលជាគំរូសូត្រខ្មែរដ៏ល្អពិចិត្រមួយ សម្រាប់សមុច្ច័យវាយនភណ្ឌរបស់សារមន្ទីរជាតិកម្ពុជា និងវត្ថុសម័យបុរេប្រវត្តិសាស្ត្រ ដូចជា៖ កាក់ អង្កាំ គ្រឿងអលង្ការ និងវត្ថុប្រើប្រាស់ធ្វើពីលោហៈធាតុមានតម្លៃ សំរិទ្ធ ថ្ម និងដីដុត ដែលភាគច្រើនត្រូវបានលួចនាំចេញពីកម្ពុជា ក្នុងអំឡុងសម័យសង្គ្រាមស៊ីវិលច្រើនទសវត្សរ៍កន្លងទៅ។ ក្នុងនោះដែរ ក៏មានសមុច្ច័យសំខាន់ៗមួយចំនួនទៀតដូចជា វត្ថុធ្វើពីថ្ម និងសំរិទ្ធ ក្នុងសម័យមុនអង្គរ និងសម័យអង្គរ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ការប្រគល់សម្បត្តិវប្បធម៌ខ្មែរជូនមកកម្ពុជាវិញដែលជាម្ចាស់ដើម គឺជាកាយវិការដ៏ថ្លៃថ្លាគួរឱ្យគោរព ដែលមិនត្រឹមតែបង្ហាញពីក្រមសីលធម៌ ក្នុងការចូលរួមលើកតម្លៃដល់វប្បធម៌នៃជាតិសាសន៍មួយប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបានចូលរួមចំណែក ដ៏ឧត្ដុង្គឧត្តម ក្នុងការការពារសម្បត្តិបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិផងដែរ។
ទន្ទឹមនឹងនោះ ក្រសួងវប្បធម៌បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ លោក Zelnik ក្នុងការប្រគល់វត្ថុសិល្បៈខ្មែរទាំងអស់ជូនមកកម្ពុជាវិញ។ សូមបញ្ជាក់ផងដែរថា នាពេលកន្លងមក លោក Zelnik ក៏ធ្លាប់បានប្រគល់វត្ថុសិល្បៈខ្មែរមួយចំនួនជូនមកកម្ពុជាវិញ និងបានចូលរួមវិភាគទាន ដ៏សំខាន់ក្នុងគម្រោងស្រាវជ្រាវបុរាណវិទ្យា និងការបោះពុម្ពស្នាដៃស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើនផងដែរពាក់ព័ន្ធនឹង បេតិកភណ្ឌវប្បធម៌ សិលាចារឹក និងសិល្បៈខ្មែរសម័យទំនើប៕




