សម្តេច ហ៊ុន សែន៖«ត្រឹម៣ខែ ឆ្នាំ២០២២ ចំណូលពន្ធកម្ពុជាបានជាង១២០០លានដុល្លារ»

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងថា ក្នុងរយៈពេល ៣ ខែឆ្នាំ២០២២នេះ ចំណូលពន្ធកើនឡើងជាង ១២០០​ លានដុល្លារ កើនលើសពីឆ្នាំមុនជាង ២០០ លានដុល្លារ។
ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេច ហ៊ុន សែន ឲ្យដឹងថា ពេលនេះចំណូលផ្ទៃក្នុងកម្ពុជាបានបំបែកកំណត់ត្រា គួឱ្យមោទនភាព ដែលសម្តេចក៏បានផ្ញើសារកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គនាយកដ្ឋានពន្ធដារ ដែលបានប្រឹងប្រែងបំពេញការងាររបស់ខ្លួនយ៉ាងសកម្មដោយជោគជ័យលើការប្រមូលចំណូលពន្ធផ្ទៃក្នុងជូនរដ្ឋលើសផែនការកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ។

សម្តេចបានបញ្ជាក់ដូច្នេះថា «នៅថ្ងៃទី៣០ ខែមីនា ជាថ្ងៃដែលខ្ញុំសប្បាយចិត្តខ្លាំងជាងគេ ដោយសារពន្ធដារបំបែកឯកទគ្គកម្មសម្រាប់ចំណូលផ្ទៃក្នុង ដោយប្រមូលបាន ២៣៦លានដុល្លារ។ រយៈពេលមួយខែមីនានេះ អាចបានចំណូលប្រមាណ៧០០លានដុល្លារ។ ចំណូល ខែមករាប្រមាណ២៨៨លាន ខែកុម្ភៈប្រមាណ២២៣លាន ខែមីនាប្រមាណ៧០០លាន។ សរុបរយៈពេល៣ខែឆ្នាំ២០២២ ចំណូលបានជាង១២០០លានដុល្លារ»។

ឆ្លៀតឪកាសនោះដែរ សម្តេច នាយករដ្ឋមន្ត្រី ក៏បានប្រកាសលើកឡើងពីគុណតម្លៃនៃវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាឧបករណ៍មួយដ៏សំខាន់មិនអាចកាត់ថ្លៃបាន ជួយឱ្យសហគមន៍កម្ពុជា មានភាពស៊ាំប្រឆាំងនឹងការឆ្លរីករាលដាលជំងឺកូវីដ-១៩បានយ៉ាងគាប់ប្រសើរ ពិសេសជំរុញឲ្យចំណូលព័ន្ធរបស់កម្ពុជា មានការកើនឡើងផងដែរ៕
អត្ថបទ៖ រង្សី