បញ្ចៀស​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ អាងប្រព្រឹត្តិថ្មី​ទី ៣ សម្រេច​បាន​ពាក់កណ្តាល គ្រោង​ដាក់ដំណើរការ​ឆាប់ៗ

សង្គម​និង​សេដ្ឋកិច្ច

អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី ៣ មានសមត្ថភាពចម្រោះទឹកកខ្វក់បាន ២ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ សម្រេចការ​សាងសង់​បានប្រមាណ ៥០ភាគរយហើយ។ នេះ​បើ​តាម​ការ​​ឲ្យ​ដឹង​​របស់​លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ ខណៈ​ចុះ​ពិនិត្យ​ការដ្ឋានការសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីព្រឹកមិញនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ គួច ចំរើន​បានឲ្យ​ដឹង​ថា ដំណើរការ​ការដ្ឋានសាងសង់​អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ បែងចែកជាពីរដំណាក់កាល ដោយដំណាក់កាលទី១-សំណង់ទីវាល អាចបញ្ចប់មុនចូលឆ្នាំខ្មែរ ឆ្នាំ២០២៣ខាងមុខ និងដំណាក់កាលទី២-ពាក់ព័ន្ធនឹងប្រព័ន្ធមេកានិក បន្តប្រហែល ៣ ទៅ ៤ខែបន្ថែមទៀត ដោយត្រូវធ្វើតេស្តលើប្រព័ន្ធបច្ចេកទេសឱ្យបានរួចរាល់។

ខេត្តព្រះសីហនុ បាន​ស្ថាបនា​អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ និងទី២ ដែលបានសាងសង់ និងដាក់ឱ្យដំណើរការដែលបានអនុញ្ញាតឱ្យទឹកដែលចម្រោះរួចបង្ហូរចូលសមុទ្រ ដែលមានសុវត្ថិភាពដល់ជីវចម្រុះក្រោមបាតសមុទ្រ។

ក្នុងឱកាសចុះពិនិត្យសកម្មភាពការងារសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ អភិបាលខេត្ត បន្ត​ជំរុញ​ឲ្យ​ក្រុម​បច្ចេកទេស​បង្កើនសកម្មភាពការងារឱ្យកាន់តែលឿនបន្ថែមទៀត ដើម្បីឱ្យការដ្ឋានអាងប្រព្រឹត្តិកម្មទឹកកខ្វក់​ទី​៣ នេះ​ សម្រេច​តាម​ផែនការឲ្យ​បាន​ឆាប់ តាមស្តង់ដារបច្ចេកទេស និងធានាបានការប្រើប្រាស់យូរអង្វែង៕