ក្រសួងការបរទេស៖ ការប្រកាស«ដណ្ដើមយក» ប្រាសាទតាក្របីវិញ និង «បិទ» ប្រាសាទតាមាន់របស់ថៃ ជាការគំរាមកំហែងប្រើកម្លាំង ដែលត្រូវបានហាមឃាត់ក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ តាមរយៈសេចក្ដីថ្លែងការណ៍ចេញនៅយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា បញ្ហាដែលធ្ងន់ធ្ងរស្រួចស្រាល់ គឺការប្រកាសបង្កហេតុ និងខុសច្បាប់ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ របស់មេបញ្ជាការយោធភូមិភាគទី២របស់ថៃ ដែលលើកពីការប្ដេជ្ញាថានឹង “ដណ្ដើមយក” ប្រាសាទតាក្របីវិញ ហើយនឹង “បិទ” ប្រាសាទតាមាន់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងការបរទេសចាត់ទុកសេចក្តីថ្លែងការណ៍បែបនេះ គឺជាការគំរាមកំហែងប្រើកម្លាំង ដែលត្រូវបាន ហាមឃាត់ដោយមាត្រា ២(៤) នៃធម្មនុញ្ញអង្គការសហប្រជាជាតិ មិនសមស្របនឹងកាតព្វកិច្ចរបស់ប្រទេសថៃ ក្រោមធម្មនុញ្ញអាស៊ាន និងជាការបំពានខ្លឹមសារ និងស្មារតីនៃកិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥។ ការថ្លែងបែបនេះ មានលំនាំដូចគ្នានឹងការញុះញង់នៅមុនពេលប្រទេសថៃធ្វើការវាយលុកខុសច្បាប់ ដោយអាវុធ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលបានបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិល និងបេតិកភណ្ឌវប្បធម៌។

ក្នុងរឿងនេះ កម្ពុជាអំពាវនាវឱ្យថៃគោរពកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន បញ្ឈប់ការចេញសេចក្ដីថ្លែងការណ៍បំភ័ន្ត និងការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ហើយចូលរួមក្នុងន័យស្ថាបនា និងដោយស្មោះត្រង់ ដើម្បីរក្សាបទឈប់បាញ់ដ៏ផុយស្រួយ។

ទន្ទឹមនឹងនេះ ក្រសួងការបរទេស គូសបញ្ជាក់បន្ថែមថា ដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់ កម្ពុជាអំពាវនាវដល់ប្រទេសម៉ាឡេស៊ី ក្នុងតួនាទីជាប្រធានអាស៊ាន ព្រមទាំងភាគីឯទៀតដែលបានសហការសម្របសម្រួលបទឈប់បាញ់ ជួយពន្លឿនការបង្កើតយន្តការត្រួតពិនិត្យដ៏រឹងមាំ មិនលំអៀង និងឯករាជ្យ ដើម្បីធានាបាននូវការគោរពពេញលេញចំពោះបទឈប់បាញ់ ដែលបានព្រមព្រៀងគ្នារួច ទប់ស្កាត់កំណើនភាពតានតឹង និងជៀសវាងបង្កគ្រោះថ្នាក់បន្ថែមទៀតដល់អាយុជីវិតរបស់កងកម្លាំង ប្រដាប់អាវុធ និងប្រជាជនស៊ីវិល។

កម្ពុជា អះអាងជាថ្មីថា តុលាការយុត្តិធម៌អន្តរជាតិ ដែលជាស្ថាប័នតុលាការ ដ៏សំខាន់របស់អង្គការសហប្រជាជាតិ នៅតែជាស្ថាប័នដ៏គួរឱ្យទុកចិត្ត និងមិនលំអៀងបំផុតសម្រាប់ការដោះស្រាយ ឱ្យបានជាស្ថាពរនូវជម្លោះព្រំដែនដែលនៅសេសសល់។ កម្ពុជា អំពាវនាវឱ្យប្រទេសថៃទទួលយកយុត្តាធិការ របស់តុលាការដោយស្មោះត្រង់ ដើម្បីបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងពិតប្រាកដចំពោះសន្តិភាពដ៏យុត្តិធម៌ ស្របច្បាប់ និងជានិរន្តន៍៕