ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) បានឯកភាពគ្នារៀបចំវេទិកាធុរកិច្ច និងការផ្កូផ្គងវិនិយោគនានា សំដៅឈានទៅជំរុញកំណើនសេដ្ឋកិច្ចទ្វេភាគីឱ្យកាន់តែប្រសើរ។

នេះបើយោងតាមជំនួបពិភាក្សារវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក John KC Lee ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) កាលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងជំនួបនាឱកាសនេះ លោក John KC Lee បានថ្លែងអំណរគុណរដ្ឋាភិបាលកម្ពុជា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះទស្សនកិច្ចរបស់លោកនៅកម្ពុជាកាលពីខែកក្កដា ឆ្នាំ២០២៤កន្លងទៅ។ បន្ថែមពីនេះ លោកក៏បានកោតសរសើរចំពោះសុន្ទរកថារបស់លោកឧបនាយករដ្ឋមន្ត្រីក្នុងកិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវ លើកទី១០ ដែលបានសង្កត់ធ្ងន់អំពីភាពជាអ្នកដឹកនាំ និងជោគជ័យរបស់កម្ពុជាក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណជាថ្មីម្ដងទៀតចំពោះទស្សនកិច្ចរបស់លោកមកកម្ពុជា និងបានចូលជួបជាមួយប្រមុខថ្នាក់ដឹកនាំកម្ពុជា ពិសេសនាឱកាសនោះមានការចុះអនុស្សរណៈនៃការយោគយល់គ្នាលើការងារពាក់ព័ន្ធការវិនិយោគផងដែរ។ លោកក៏បានបញ្ជាក់ជូនអំពីការកើនឡើងនូវចំនួនគម្រោងវិនិយោគដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិសេសក្នុងឆ្នាំ២០២៥នេះ ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខថ្នាក់ដឹកនាំកម្ពុជា និងការកែសម្រួលនីតិវិធីចុះបញ្ជីដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល (ប្រព័ន្ធ cdcIPM)។ ទន្ទឹមគ្នានេះ លោកបញ្ជាក់ថា ច្បាប់វិនិយោគកម្ពុជាមានភាពបើកចំហរចំពោះការវិនិយោគគ្រប់ប្រភេទ។
សូមជម្រាបថា តាមរយៈជំនួបពិភាក្សាខាងលើ ភាគីទាំងពីរ ក៏បានឯកភាពនឹងបន្តកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែរឹងមាំយូរអង្វែង និងប្រកបដោយប្រសិទ្ធភាព តាមរយៈការរៀបចំវេទិកាធុរកិច្ច និងការផ្កូផ្គងវិនិយោគនានាជាដើម៕ អត្ថបទ៖ហ្សាលីន


