ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងមិនទាន់ដាក់ពន្ធគយខ្ពស់ភ្លាមៗលើប្រទេសចិន ជុំវិញការបន្តទិញប្រេងពីរុស្ស៊ីនោះទេ ប៉ុន្តែអាចនឹងពិចារណាធ្វើដូច្នេះ នៅក្នុងពេលពីរ ទៅបីសប្តាហ៍ខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅក្នុងបទសម្ភាសជាមួយទូរទស្សន៍ Fox News កាលពីថ្ងៃទី១៦ ខែសីហា លោក ត្រាំ ត្រូវបានគេសួរនាំថា តើលោកកំពុងពិចារណាចាត់វិធានការណាមួយចំពោះប្រទេសចិន ជុំវិញការទិញប្រេងដ៏ច្រើនពីរុស្ស៊ីឬទេ? លោកបានឆ្លើយតបវិញថា ៖”បច្ចុប្បន្ន ខ្ញុំមិនចាំបាច់គិតអំពីវានោះទេ” ។
លោក ត្រាំ បានបញ្ជាក់បន្ថែមទៀតថា ៖”ប្រហែលអាចជាពីរ ឬបីសប្តាហ៍ទៀត ខ្ញុំនឹងត្រូវគិតអំពីវា ប៉ុន្តែឥឡូវនេះ ខ្ញុំមិនចាំបាច់ទេ។ ខ្ញុំគិតថាកិច្ចប្រជុំបានដំណើរការយ៉ាងល្អខ្លាំងណាស់” ។
កាលពីសប្តាហ៍មុន លោក ត្រាំ បានសម្រេចដាក់ពន្ធបន្ថែម ២៥% លើទំនិញឥណ្ឌា ចាប់ពីថ្ងៃទី២៧ ខែសីហា ដោយលើកឡើងពីការបន្តទិញប្រេងរបស់ប្រទេសរុស្សី។ កាលពីថ្ងៃទី៦ ខែសីហា លោកបានបញ្ជាក់ថា លោកកំពុងពិចារណាលើការដាក់ទណ្ឌកម្មបន្ថែម ដើម្បីដាក់សម្ពាធលើរុស្ស៊ីឲ្យបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។
យ៉ាងណាមិញ ជុំវិញវិធានការនេះ ការដំឡើងពន្ធលើប្រទេសចិនសម្រាប់ការទិញប្រេងរុស្ស៊ីគឺអាចធ្វើទៅបាន ប៉ុន្តែការសម្រេចចុងក្រោយនឹងអាស្រ័យលើស្ថានភាពជាក់ស្តែង៕

