អ្នកជំនាញ៖ តួនាទីរបស់សារព័ត៌មានក្នុងវិស័យហិរញ្ញវត្ថុ គឺមានសារៈសំខាន់មិនអាចកាត់ផ្តាច់បាន

សង្គម​ និង​សេដ្ឋកិច្ច

អ្នកជំនាញខាងហិរញ្ញវត្ថុនៅកម្ពុជា ចាត់ទុកតួនាទីរបស់សារព័ត៌មានក្នុងវិស័យហិរញ្ញវត្ថុវិញ គឺរឹតតែមានសារៈសំខាន់មិនអាចកាត់ផ្តាច់បាន ពីព្រោះសារព័ត៌មានជាបណ្តាញដ៏សំខាន់សម្រាប់វិស័យហិរញ្ញវត្ថុក្នុងការបញ្ជូនព័ត៌មានទាក់ទងអំពីវិស័យហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកជំនាញថ្លែងបែបនេះ នៅក្នុងកម្មវិធីបណ្ដុះបណ្ដាលអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា អំពីវិស័យធនាគារនិងហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ឆ្នាំ២០២៥ កាលថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២៥។

នាឱកាសនោះ លោក​​ រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានលើកឡើងថា សារព័ត៌មានជាប្រភពមួយដែលចូលរួមផ្តល់នូវចំណេះដឹង និងព័ត៌មានផ្សេងៗ ដល់ប្រជាពលរដ្ឋ និងធុរជនដើម្បីជាធាតុចូលររបស់ពួកគាត់ក្នុងការសម្រេចចិត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃទាំងការងារ និងការប្រកបរបរទទួលទាន ព្រមទាំងការធ្វើធុរកិច្ច។

ទន្ទឹមនេះ លោកថា តួនាទីរបស់សារព័ត៌មានក្នុងវិស័យហិរញ្ញវត្ថុវិញ គឺរឹតតែមានសារៈសំខាន់មិនអាចកាត់ផ្តាច់បាន ពីព្រោះសារព័ត៌មានជាបណ្តាញដ៏សំខាន់សម្រាប់វិស័យហិរញ្ញវត្ថុក្នុងការបញ្ជូនព័ត៌មានទាក់ទងនឹងការអប់រំ និងការផ្សព្វផ្សាយអំពីវិស័យហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ក្នុងគោលដៅធានា​​ឱ្យបាននូវស្ថិរភាព និរន្តរភាព និងទំនុកចិត្តពីសំណាក់បងប្អូនប្រជាពលរដ្ឋលើវិស័យធនាគារ និងហិរញ្ញវត្ថុទាំងមូល។

បន្ថែមពីនេះ លោកថា អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាតាមបណ្តាញសង្គម មានតួនាទីសំខាន់ណាស់ក្នុងការបង្កើតមាតិកា និងបញ្ជូនសារទាក់ទងនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ ដែលត្រឹមត្រូវ ច្បាស់លាស់ មានការទុកចិត្ត និងអាចជួយលុបបំបាត់ព័ត៌មានក្លែងក្លាយ ឬព័ត៌មានមិនត្រឹមត្រូវ។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ នឹងចូលរួមចំណែកបង្កើនការយល់ដឹងបន្ថែមទៀតរបស់បងប្អូនអ្នកសារព័ត៌មានពីវិស័យធនាគារ និងហិរញ្ញវត្ថុ ដែលអាចជួយឱ្យបងប្អូនអ្នកសារព័ត៌មានអាចផលិតមាតិកាអំពីវិស័យហិរញ្ញវត្ថុកាន់តែមានគុណភាព និងផ្តល់ការអប់រំ ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាពលរដ្ឋនិងសាធារណជន។

ជាមួយគ្នានេះ លោក សុខ វឿន អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសារព័ត៌មាន ពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងដំណើរជីវិតរស់នៅប្រចាំថ្ងៃរបស់យើង។ ដូច្នេះ ដើម្បីឱ្យចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងព័ត៌មានអំពីវិស័យធនាគារ និងហិរញ្ញវត្ថុបានជ្រួតជ្រាបទៅដល់សាធារណជនប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់ និងអាចទុកចិត្តបាន ចាំបាច់ណាស់យើងត្រូវការអ្នកផ្សព្វផ្សាយចំណេះដឹងដែលមានគុណភាព និងយល់ពីវិស័យរបស់យើង ពោលនោះគឺអ្នកសារព័ត៌មាន។

សូមជម្រាបដែរថា រយៈពេលជាង ២ទសវត្សចុងក្រោយនេះ វិស័យធនាគារ និងហិរញ្ញវត្ថុបានរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយបានចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ ជួយកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនពលរដ្ឋ និងជំរុញកំណើនបរិយាបន្នហិរញ្ញវត្ថុនៅទូទាំងប្រទេស។ជាក់ស្តែង គិតត្រឹមដំណាច់ឆមាសទីមួយ ពោលចាប់ពីខែមករា-មិថុនា ឆ្នាំ២០២៥នេះ ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានជាង ៩៧ប៊ីលានដុល្លារអាមេរិក កើនដល់៧%។ នេះបើយោងតាមរបាយការណ៍សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កាលថ្ងៃទី១ ខែសីហា ឆ្នាំ ២០២៥៕ អត្ថបទ៖ ពិសី