ការនាំចេញរបស់សិង្ហបុរី ទៅកាន់សហរដ្ឋអាមេរិកថយចុះជាង ៤០% កាលពីខែមុន

អន្តរជាតិ

ការនាំចេញទំនិញសំខាន់ៗរបស់ប្រទេសសិង្ហបុរី បានធ្លាក់ចុះអស់ច្រើនជាងគេការរំពឹងទុក នៅក្នុងខែកក្កដា បន្ទាប់ពីការនាំចេញទៅកាន់សហរដ្ឋអាមេរិក ដែលជាទីផ្សារដ៏សំខាន់របស់ខ្លួន បានថយចុះអស់ជាង ៤០%។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមអ្នកវិនិយោគបានបង្ហាញថា ជុំវិញការធ្លាក់ចុះនៅខែកក្កដានេះ បានបង្ហាញថា សិង្ហបុរីកំពុងប្រឈមមខុទៅនឹងអនាគតមិនច្បាស់លាស់បន្ថែមទៀត ពាក់ព័ន្ធទៅនឹងការគំរាមកំហែងនៃពន្ធគយថ្មី របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ តាមរយៈវិស័យដែលមានសក្កានុពលរបស់ខ្លួន ដូចជាបន្ទះឈីប និងឱសថ​ ជាដើម។

ទន្ទឹមនឹងនេះ យោងតាមទិន្នន័យពីក្រុមហ៊ុន Enterprise Singapore (EnterpriseSG) នៅថ្ងៃទី១៨ ខែសីហា បានបង្ហាញថា ការនាំចេញក្រៅពីប្រេង (Nodx) របស់សិង្ហបុរី បានធ្លាក់ចុះ ៤,៦% នៅក្នុងខែកក្កដា បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

ការនាំចេញទំនិញសំខាន់ៗ ទៅកាន់សហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញដ៏ធំបំផុតតែមួយគត់របស់សិង្ហបុរី បានធ្លាក់ចុះ ៤២,៧% ខណៈពេលដែលការនាំចេញទៅកាន់ប្រទេសចិន បានធ្លាក់ចុះ ១២,២% ហើយការនាំចេញទៅកាន់ប្រទេសឥណ្ឌូណេស៊ី ដែលជាទីផ្សារធំទី៣ បានធ្លាក់ចុះ ៣២ ,២%។

យ៉ាងណាមិញ បើតាមសេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារ DBS លោក Chua Han Teng បាននិយាយថា តួលេខនៃការនាំចេញក្រៅពីប្រេងរបស់សិង្ហបុរី ធ្លាក់ចុះសម្រាប់ខែកក្កដា អាចជាសញ្ញានៃការចាប់ផ្តើមនៃការនាំចេញដែលកំពុងមានភាពទន់ខ្សោយនៅក្នុងឆមាសទីពីរនៃឆ្នាំ២០២៥ បើធៀបនឹងភាពធន់ នៅឆមាសទីមួយ៕​