កសិករដាំដំឡូងមីក្នុងខេត្តជាប់ព្រំដែនថៃអាចនឹងជួបបញ្ហាដែរទេ នៅរដូវប្រមូលផលក្នុងឆ្នាំនេះ?

សង្គម​ និង​សេដ្ឋកិច្ច

ចូលមកដល់ខែសីហាឆ្នាំ២០២៥នេះ ប្រជាកសិករដែលប្រកបមុខរបរដាំដំឡូងមីនៅក្នុងខេត្តជាប់ព្រំដែនថៃ បាននិងកំពុងចាប់ផ្តើមប្រមូលផលដំឡូងមីរបស់ខ្លួន ហើយនៅក្នុងដំណាក់ដំបូងៗនេះកសិករលក់ដំឡូងមីស្រស់បានថ្លៃជាង១០០រៀលក្នុងមួយគីឡូក្រាម។ តើការប្រមូលដំឡូងមីក្នុងពេលចាប់ផ្តើមដំបូងៗនេះអាចនឹងជួបបញ្ហាដែរទេ សម្រាប់កសិករនៅក្នុងឆ្នាំនេះ?

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរបានឱ្យដឹងថា ការប្រមូលផលដំឡូងមីស្រស់របស់ប្រជាកសិករនៅតាមខេត្តជាប់ព្រំដែនថៃ ចូលមកដល់ខែសីហានេះមានចំនួនតិចតួច ហើយកសិករលក់បានថ្លៃជាង១០០រៀលក្នុងមួយគីឡូក្រាម ប៉ុន្តែនៅខាងខេត្តស្ទឹងត្រែង និងកំពង់ចាម កសិករអាចលក់បានថ្លៃ២៤០រៀលក្នុងមួយគីឡូក្រាម។

តែទោះជាបែបនេះក្តី លោក អិល ឈិញ យល់ឃើញថា សព្វថ្ងៃនេះដំឡូងមីដាំនៅជាប់ព្រំដែនថៃ មិនទាន់មានបញ្ហានោះទេ ព្រោះការប្រមូលផលកសិករទើបចាប់ផ្តើមបានពី៥ទៅ១០ភាគរយ មិនទាន់អាចវាយតម្លៃបាននោះទេ រង់ចាំំដល់ខែតុលានិងវិច្ឆិកាទើបអាចសន្និដ្ឋានបាន។

បើតាមប្រធានសមាគមខាងលើ,ដំឡូងមីនៅខេត្តជាប់ព្រំដែនថៃ បើការប្រមូលផលមានកើនឡើងច្រើននៅពេលខាងមុខ ហើយតម្លៃនៅរក្សាបានថ្លៃដូចពេលចាប់ផ្តើមដំបូងៗ សម្រាប់កសិករនឹងជួបបញ្ហា។

យោងតាមរបាយការណ៍ស្តីពីស្ថានភាពនៃការនាំចេញផលិតផលដំណាំរយៈពេល៧ខែ ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានកសិកម្មបានធ្វើការសន្និដ្ឋានថា ការប្រមូលផលផ្អែកលើផ្ទៃដីដែលបានដាំដុះរួចក្នុងឆ្នាំ២០២៥ បរិមាណផលដំឡូងមី ដែលគ្រោងនឹងប្រមូលផលក្នុងខេត្តជាប់ព្រំដែនថៃចំនួន៥ ចាប់ពីខែសីហា ដល់ខែធ្នូ មានប្រមាណ១០លានតោន ក្នុងនោះការប្រមូលផលច្រើនជាងគេនៅខែធ្នូអាចមានប្រមាណ៣២,៥០ភាគរយ ហើយការប្រមូលផលដំឡូងមី ពុំមានផលប៉ះពាល់ទេ ដោយសារក្រុមហ៊ុនបានបង្វែរទិសដៅនាំចេញដំឡូងមីក្រៀមទៅកាន់ប្រទេសចិន។ ជាក់ស្តែងក្នុង រយៈពេល៧ខែ ឆ្នាំ២០២៥ ការនាំចេញចំណិតដំឡូងមីក្រៀមទៅកាន់ប្រទេសចិនមានចំនួន ៥,៣ម៉ឺនតោន កើនឡើង ៥ម៉ឺនតោន ឬស្មើប្រមាណ១ ៧៥៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤មានចំនួន៣ ០៤៤តោន។

ពាក់ព័ន្ធនិងវិស័យដំឡូងមីនេះដែរ យោងតាមប្រធានសមាគមកសិករដំឡូងមីខ្មែរខាងលើ បើកសិករដាំដំឡូងមីធ្វើការកែច្នៃទៅជាដំឡូងមីស្ងួតឱ្យបាន៤០ទៅ៦០ភាគរយ កសិករអាចចៀសផុតពីបញ្ហាទីផ្សារ ហើយទាមទារឱ្យមានក្រុមហ៊ុនប្រមូលទិញដំឡូងមីស្រស់, ក្រុមហ៊ុនប្រមូលទិញដំឡូងក្រៀម ក៏ដូចជាក្រុមហ៊ុនកែច្នៃម្សៅដំឡូងមីបន្ថែម ទៅលើក្រុមហ៊ុនដែលមានសព្វថ្ងៃ៕