លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី នេលី ហ្កូសៃនី (Nellie Ghusayni) ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួង ដើម្បីពិភាក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការលើការគាំទ្រអតីតជនទេសន្តរប្រវេសន៍ខ្មែរ និងជនទេសន្តរប្រវេសន៍ដែលកំពុងបំពេញការងារនៅបរទេស។

នៅក្នុងជំនួបនោះ ភាគីទាំងពីរបានពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តគម្រោងស្តារជីវភាព និងការធ្វើសមាហរណកម្មឡើងវិញរបស់អតីតជនទេសន្តរប្រវេសន៍ខ្មែរ ព្រមទាំងបានផ្លាស់ប្តូរយោបល់លើវិធានការសំខាន់ៗជាច្រើន រួមមាន៖ ការពង្រឹងការធ្វើសមាហរណកម្មសេដ្ឋកិច្ច-សង្គម, ការបង្កើតឱកាសការងារ, ការទទួលស្គាល់ជំនាញពីមុន, ការបណ្តុះបណ្តាលជំនាញបន្ថែម និងការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs)។

លោក ហេង សួរ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង និងមានផ្លែផ្ការវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការ IOM ជាពិសេសលើការងារគ្រប់គ្រងទេសន្តរប្រវេសន៍ការងារ ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ការអភិវឌ្ឍជំនាញ និងការជួយគាំទ្រអតីតពលករឱ្យបង្កើតអាជីវកម្មផ្ទាល់ខ្លួន។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ទោះបីជាកន្លងមកមានការវិលត្រឡប់មកវិញនៃអតីតជនទេសន្តរប្រវេសន៍ខ្មែរក្នុងទ្រង់ទ្រាយធំមិនធ្លាប់មានយ៉ាងណាក្តី ក៏រាជរដ្ឋាភិបាលកម្ពុជា ដោយមានក្រសួងការងារជាសេនាធិការ បានដាក់ចេញនូវវិធានការឆ្លើយតបយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព ក្នុងការទទួល ការពារ និងធ្វើសមាហរណកម្មពួកគាត់ចូលទៅក្នុងទីផ្សារការងារតាមមូលដ្ឋាន។ លើសពីនេះ ដោយមានការចូលរួមគាំទ្រពី IOM ក្រសួងបានរៀបចំការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) និងផ្តល់វគ្គបណ្តុះបណ្តាលជំនាញខ្លីៗដោយឥតគិតថ្លៃ ដើម្បីជួយឱ្យពួកគាត់មានលទ្ធភាពបង្កើតមុខរបរផ្ទាល់ខ្លួន ឬចូលធ្វើការនៅក្នុងក្រុមហ៊ុន រោងចក្រ និងសហគ្រាសនានា។
បន្ថែមលើសពីនេះ ភាគីទាំងពីរបានពិភាក្សាលើសេចក្តីព្រាងគោលនយោបាយស្តីពីទេសន្តរប្រវេសន៍ការងារ ដែលក្នុងនោះអង្គការ IOM នឹងផ្តល់ជំនួយបច្ចេកទេសដើម្បីរៀបចំគោលនយោបាយនេះឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ។ ទន្ទឹមនឹងនេះ ប្រធានបទស្តីពីការប្រើប្រាស់កម្លាំងពលកម្មបរទេសនៅកម្ពុជា និងយន្តការទប់ស្កាត់ការជួញដូរកម្លាំងពលកម្មក្នុងបទល្មើសអនឡាញ ក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ ដោយភាគី IOM បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងវិធានការដ៏ម៉ឺងម៉ាត់របស់កម្ពុជា។

ជាការឆ្លើយតប លោកស្រី នេលី ហ្កូសៃនី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមរដ្ឋមន្ត្រី សម្រាប់ជំនួបពិភាក្សាប្រកបដោយលទ្ធផលផ្លែផ្កា និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ IOM ក្នុងការបន្តពង្រឹងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងការងារ។ លោកស្រីបានបន្ថែមថា IOM នឹងបន្តជួយផ្សព្វផ្សាយព័ត៌មានឱកាសការងារនៅតាមមូលដ្ឋាន និងផ្តល់ការគាំទ្រដល់អតីតជនទេសន្តរប្រវេសន៍ខ្មែរ ជាពិសេសតាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលជំនាញវគ្គខ្លី និងការជួយបង្កើតមុខរបរនៅក្នុងខេត្តគោលដៅសំខាន់ៗនៅតាមបណ្តោយព្រំដែន៕



