គ្រាប់ពេជ្រផ្កាឈូកតម្លៃ ២៥លានដុល្លារ ត្រូវបានក្រុមចោរលួចយក នៅឌុយបៃ

អន្តរជាតិ

ជនជាតិអារ៉ាប់រួមបីនាក់ ត្រូវបានក្រុមប៉ូលិសដាក់ការសង្ស័យថា បានលួចយកគ្រាប់ពេជ្រពណ៌ផ្កាឈូកដ៏កម្របំផុត មានតម្លៃប្រមាណ ២៥លានដុល្លារ នៅទីក្រុងឌុយបៃ កាលពេលថ្មីៗនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CBS News។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមប៉ូលិកក្រុងឌុយបៃ នៃប្រទេសអារ៉ាប់រួម (UAE) បាននិយាយកាលពីថ្ងៃទី១៨ ខែសីហាថា ពេជ្រផ្កាឈូបនោះ ត្រូវបានអ្នកជំនួញម្នាក់ នាំយកមកពីអឺរ៉ុប ហើយត្រូវបានក្រុមចោរបោកបញ្ឆោត ដោយបន្លំធ្វើជាអ្នកចាប់អារម្មណ៍ទិញយកគ្រាប់ពេជ្រដ៏មានតម្លៃនោះ។

ដើម្បីបង្កើតភាពជឿជាក់ ជនសង្ស័យទាំងនោះបានជួលរថយន្តទំនើបៗ កក់ការណាត់ជួបនៅសណ្ឋាគារលំដាប់ខ្ពស់ ហើយថែមទាំងបានជួលអ្នកជំនាញមើលពេជ្រដ៏ល្បីម្នាក់ ដើម្បីវាយតម្លៃ ផងដែរ។ សកម្មភាពទាំងនោះហើយ បានធ្វើឲ្យម្ចាស់ពេជ្រជឿទុកចិត្ត ហើយព្រមយកវា ចេញពីហាងដែលមានការការពារសុវត្ថិភាពខ្ពស់។

បន្ទាប់មកក្រុមចោរទាំងនោះ បានល្បួងម្ចាស់ពេជ្រ ទៅកាន់វីឡាមួយ ក្រោមលេសថាជួបអ្នកចង់ទិញ។ ក្រោយពីបានបង្ហាញគ្រប់ពេជ្រនោះហើយ ក្រុមចោរក៏បានចាប់ផ្តើមគម្រាមលួចយកវាទៅកបាត់តែម្តង។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរទីក្រុងឌុយបៃ បានប្រកាសថា ក្រុមចោរទាំងនោះ ត្រូវបានចាប់ខ្លួនវិញបានអស់ហើយ ត្រឹម ៨ម៉ោងប៉ុណ្ណោះ បន្ទាប់ពីធ្វើសកម្មភាពលួច ។

ជម្រាបជូនថា ត្បូងពេជ្រពណ៌ផ្កាឈូក ទំហំ ២១,២៥ ការ៉ាត់ គឺមានតែមួយគត់ ដោយមានឱកាសត្រឹមតែ ០,០១% ប៉ុណ្ណោះ ដើម្បីរកពេជ្រផ្សេងឲ្យដូចគ្នា។ ទីក្រុងឌុយបៃ គឺជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ពាណិជ្ជកម្មពេជ្រ ហើយអាជ្ញាធរ អារ៉ាប់រួម UAE តែងតែមានមោទនភាពចំពោះការការពារសុវត្ថិភាព និងស្ថិរភាព ដោយសារប្រព័ន្ធឃ្លាំមើលដ៏តឹងរ៉ឹងបំផុតមួយរបស់ទីក្រុង៕​