ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ទៅកាន់ប្រធានាធិបតី លោក Volodymyr Zelensky កាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក នឹងជួយធានាសន្តុិសុខពេញលេញសម្រាប់អ៊ុយក្រែន ក្នុងកិច្ចព្រមព្រៀងណាមួយ ដើម្បីបញ្ចប់សង្គ្រាមរបស់រុស្ស៊ីនៅទីនោះ បើទោះបីជាទំហំជំនួយ នៅមិនទាន់ត្រូវបានបញ្ជាក់ឲ្យដឹងក៏ដោយ។ នេះបើតាការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក ត្រាំ បានសន្យាបែបនេះ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលវិសាមញ្ញមួយ នៅឯសេតវិមាន ដោយមានការចូលរួមពីសំណាក់មេដឹកនាំអ៊ុយក្រែន លោក Zelensky និងក្រុមសម្ព័ន្ធមិត្តអឺរ៉ុប ពោលគឺត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកិច្ចប្រជុំជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅរដ្ឋ Alaska។
ក្រោយកិច្ចប្រជុំនោះ លោក ត្រាំ បាននិយាយប្រាប់អ្នកយកព័ត៌មានថា៖” នៅពេលនិយាយអំពីសន្តិសុខ យើងនឹងនឹកឃើញដល់ជំនួយជាច្រើន”។ លោកបន្ថែមទៀតថា បណ្តាប្រទេសនៅអឺរ៉ុប ក៏នឹងចូលរួមនៅក្នុងការផ្តល់ជំនួយទាំងនេះ ផងដែរ។
យ៉ាងណាមិញ លោក Zelensky បានសម្តែងការសាទរយ៉ាងខ្លាំងចំពោះការសន្យារបស់លោក ត្រាំ នេះថាជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខ ដើម្បីឈានដល់ការបញ្ចប់សង្គ្រាម។ មេដឹកនាំអ៊ុយក្រែន ក៏បានសង្កត់ធ្ងន់ទៀតថា ការធានាសន្តិសុខសម្រាប់ទីក្រុងគៀវ ទំនងជានឹងត្រូវបានសម្រេច ក្នុងរយៈពេល ១០ថ្ងៃ។
ជម្រាបជូនផងដែរថា ក្រោយបញ្ចប់កិច្ចប្រជុំនេះ នៅក្នុងការបង្ហោះសារមួយលើប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីថ្ងៃចន្ទ លោក ត្រាំ បាននិយាយថា លោកបានទូរស័ព្ទទៅកាន់មេដឹកនាំរុស្ស៊ី ហើយបានចាប់ផ្តើមរៀបចំកិច្ចប្រជុំរវាង លោក ពូទីន និងលោក Zelensky ដែលរំពឹងថាអាចនឹងធ្វើឡើងនាពេលឆាប់ៗ ខាងមុខ៕

