ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ការកាត់បន្ថយអត្រាពន្ធគយបដិការមកត្រឹម ១៩% លើទំនិញនាំចេញទៅសហរដ្ឋអាមេរិក ដែលនឹងបន្តរួមចំណែកទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀត។

នេះបើយោងតាមជំនួបពិភាក្សារវាង លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ជាមួយក្រុមបេសកកម្មមាត្រាទី IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោក Kenichiro Kashiwase ប្រធានបេសកកម្មរបស់ IMF សម្រាប់កម្ពុជា កាលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥។
នាឱកាសនោះ លោកស្រី ជា សិរី បានឱ្យដឹងថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជា ដោយរំលេចពីការសម្រេចបានកំណើនល្អក្នុងរយៈពេល ៧ខែដំបូង ឆ្នាំ២០២៥ និងបានគូសបញ្ជាក់ពីការរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ល្អប្រសើរ និងកម្រិតទាបនៃអត្រាអតិផរណា។ បន្ថែមលើនេះ លោកស្រី ក៏បានលើកឡើងពីការទទួលបានការកាត់បន្ថយអត្រាពន្ធគយបដិការមកត្រឹម ១៩% លើទំនិញនាំចេញទៅសហរដ្ឋអាមេរិក ដែលនឹងបន្តរួមចំណែករក្សាភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងការទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀត។
ទន្ទឹមនេះ លោកស្រី ក៏បានលើកឡើងពីបញ្ហាប្រឈមចម្បងៗ ជាពិសេសបញ្ហាជម្លោះព្រំដែន ដោយបានរំលេចពីអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការរក្សាសន្តិភាព និងការដោះស្រាយបញ្ហាដោយសន្តិវិធី ខណៈលោកស្រីលោកក៏បានបញ្ជាក់ពីស្នាដៃការងារសំខាន់ៗរបស់រាជរដ្ឋាភិបាល ដែលរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទោះបីជាប្រឈមនឹងបញ្ហា និងភាពមិនច្បាស់លាស់មួយចំនួនក្តី។
នាឱកាសនេះដែរ លោក Kenichiro បានលើកឡើងថា គោលបំណងរបស់ក្រុមការងារដែលមកបំពេញបេសកកម្មដើម្បីសិក្សា និងវាយតម្លៃលើស្ថានភាពសេដ្ឋកិច្ច សំដៅលើកឡើងនូវអនុសាសន៍គោលនយោបាយសេដ្ឋកិច្ចចម្បងៗសម្រាប់គាំទ្រការងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា និងការរក្សាស្ថិរភាពហិរញ្ញវត្ថុ។ ក្រុមបេសកកម្មនេះនឹងបន្តជួបក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងទៀតដើម្បីប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ។
សូមរម្លឹកថា កាលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានសម្រេចបន្ថយអត្រាពន្ធគយសម្រាប់កម្ពុជា ពី ៣៦% មកនៅត្រឹម ១៩%។ ស្ថាប័នពាក់ព័ន្ធ បានចាត់ទុកថា អត្រាពន្ធបដិកាថ្មីនេះ ជាកម្រិតល្អមួយជួយឱ្យកម្ពុជា កាន់តែទាក់ទាញវិនិយោគិនមកបណ្តាក់ទុននៅកម្ពុជា និងជំរុញឱ្យការធ្វើពាណិជ្ជកម្មកាន់តែល្អជាងមុន៕ អត្ថបទ៖ ហ្សាលីន


