តើមន្រ្តីរូបណាខ្លះ ស្ថិតក្នុងសមាសភាពដែលរដ្ឋាភិបាលចាត់តាំងជំរុញអនុវត្ដគម្រោងសាងសង់ផ្លូវល្បឿនលឿនទី៣

សង្គម​និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មការអន្ដរក្រសួង ដើម្បីជំរុញដំណើរការអនុវត្ដគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនទី៣ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្ដសៀមរាប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្ដីសម្រេចចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីចំនួន ៣ទំព័រ កាលពីថ្ងៃទី១១​ខែកក្កដាឆ្នាំ២០២៣នេះបានបង្កើតគណៈកម្មការអន្ដរក្រសួងមានសមាសភាពចំនួន ២៦រូប ក្នុងនោះរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកញ្ជូន លោក ស៊ុន ចាន់ថុល ជាប្រធាន និងមានអនុប្រធានចំនួន ៣រូប គឺលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ណុជា, លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។

នៅក្នុងសេចក្តីសម្រេចដដែលនោះ រាជរដ្ឋាភិបាលក៏បានតែងតាំងអភិបាលរាជធានីខេត្តចំនួន ៥រូបផងដែរជាសមាជិក រួមមាន៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល, លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម, លោក ងួន រតន:  អភិបាលខេត្តកំពង់ធំ និងលោក ទៀ សីហា អភិបាលខេត្តសៀមរាប។

គណៈកម្មការអន្ដរក្រសួង បង្កើតឡើងដើម្បីជំរុញដំណើរការអនុវត្ដគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្ដសៀមរាបឲ្យបានសម្រេចជាស្ថានពរ។

ទាក់ទងនិងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប បើយោងតាមលោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានឱ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបនេះរាជរដ្ឋាភិបាលមានបំណងសម្រាប់ជំរុញវិស័យទេសចរណ៍ និងការចរាចរមនុស្សចេញពីក្រុងភ្នំពេញទៅក្រុងសៀមរាបហើយនៅក្នុងនោះយើងដឹងថាជាឆ្លើយតបទៅនិងការកសាងនៅព្រលានយន្តអន្តរជាតិភ្នំពេញថ្មីនិងព្រលាយន្តហោះអន្តរជាតិសៀមរាបដែលជាព្រលានយន្តហោះធំ ហើយក៏ជាការត្រៀមខ្លួនហេដ្ឋារចនាសម្ព័ន្ធដើម្បីផ្សព្វផ្សាយវិស័យទេសចរណ៍របស់កម្ពុជា»។

ចំណែកប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឧកញ៉ា ឆាយ ស៊ីវលីន មានប្រសាសន៍ថា «ជុំវិញគម្រោងសិក្សាផ្លូវលឿនលឿនពីភ្នំពេញ-សៀមរាបដែលក្រសួងនិងក្រុមហ៊ុនដៃគូកំពុងចុះធ្វើការសិក្សានេះ បើទទួលបានជោគជ័យដូចទៅនិងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុវានិងជះឥទ្ធិពលវិជ្ជមានសំខាន់ៗមួយចំនួនជាច្រើនដល់សេដ្ឋកិច្ចរបស់កម្ពុជា វាធ្វើឱ្យការដឹកជញ្ជូនទំនិញបានកាន់តែលឿនទាន់ពេលវេលាទំនិញមានគុណភាពនៅល្អទាក់ទងចំណីអាហារវាមិនមានការប្រែប្រួលរសជាតិ ហើយការធ្វើដំណើររបស់ភ្ញៀវទេសចរអាចធ្វើដំណើរកម្សាន្តបានច្រើនកន្លែងក្នុងពេលតែមួយ មានន័យថាទេសចរយើងអាចដាក់ខ្សែទស្សនៈកិច្ចនៅតំបន់ជុំវិញខេត្តសៀមរាបនេះបានច្រើនទីតំាង ធ្វើឱ្យចំណេញដល់សេដ្ឋកិច្ចនៅមូលដ្ឋាននៅតាមគោលដៅទេសចរ»៕