វៀតណាម នឹងចាយលុយ ១ពាន់លានដុល្លារ សង់ស្ពានឆ្លងសមុទ្រវែងជាងគេទី៣ នៅអាស៊ាន

អន្តរជាតិ

ប្រទេសវៀតណាម បានបង្ហាញផែនការដ៏ធំមួយសម្រាប់ការសាងសង់ស្ពានឆ្លងសមុទ្រដ៏វែងបំផុតរបស់ខ្លួន ដែលមានប្រវែង ១៨ គីឡូម៉ែត្រ តភ្ជាប់ខេត្ត Ca Mau ទៅកាន់កោះ Hon Khoai ដែលជាតំបន់យោធាដ៏សំខាន់របស់ប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញគម្រោងដែលត្រូវបានអនុម័តកាលពីថ្ងៃទី១៩ ខែសីហា នឹងត្រូវសាងសង់ឡើងតាមស្តង់ដារអន្តរជាតិឆ្លងកាត់សមុទ្រ ដែលមានផ្លូវចំនួន ៤គន្លង និងមានល្បឿន ៨០ គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ជាមួយតម្លៃប៉ាន់ស្មានសរុប ២៥,៧ទ្រីលានដុង ឬស្មើ ១ពាន់លានដុល្លារ ស្ពានដ៏វែងនេះ រំពឹងថានឹងបញ្ចប់ការសាងសង់ នៅចុងឆ្នាំ២០២៨។

យ៉ាងណាមិញ នៅពេលគម្រោងនេះសាងសង់រួចរាល់ វានឹងក្លាយជាស្ពានឆ្លងសមុទ្រវែងជាងគេនៅក្នុងប្រទេសវៀតណាម និងជាស្ពានវែងជាងគេទី៣ នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីស្ពាន Sultan Haji Omar Ali Saifuddien របស់ព្រុយណេ (៣០ គីឡូម៉ែត្រ) និងស្ពាន Sultan Abdul Halim Muadzam Shah របស់ប្រទេសម៉ាឡេស៊ី (មានប្រវែង ២៤ គីឡូម៉ែត្រ)។

ជម្រាបជូនថា Hon Khoai គឺជាកូនកោះតូចមួយ ប៉ុន្តែមានភាពទាក់ទាញ ដោយមានចម្ងាយត្រឹមតែ ២៨ គីឡូម៉ែត្រពីឆ្នេរ និងមានទំហំផ្ទៃដី ៤ គីឡូម៉ែត្រការ៉េ កោះនេះគ្មានជនស៊ីវិលធម្មតារស់នៅទេ ពោលគឺមានតែកងកម្លាំងយោធាវៀតណាមប៉ុណ្ណោះ៕​