អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានតុលារការសម្រេចឲ្យរួចផុតពីទោសប្រមាថព្រះមហាក្សត្រ ដែលផ្តើមចេញពីបទសម្ភាសតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូង ចាប់តាំងពីឆ្នាំ២០១៥ មក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ដំបូងឡើយលោក ថាក់ស៊ីន ត្រូវប្រឈមមុខទៅនឹងការជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ ប៉ុន្តែក្រោយមកតុលាការក្រុងបាងកក បានរកឃើញថាលោកមិនមានទោសពីបទរំលោភលើច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រដ៏តឹងរ៉ឹងបំផុត របស់ប្រទេសនោះឡើយ។
ទន្ទឹមនឹងនេះ បើតាមមេធាវីលោក Winyat Chatmontree បានប្រាប់អ្នកយកព័ត៌មានថា ៖”តុលាការបានសម្រេចច្រានចោលការចោទប្រកាន់ប្រឆាំងទៅនឹងលោក ថាក់ស៊ីន ដោយសម្រេចថាភស្តុតាងដែលបានបង្ហាញគឺមិនគ្រប់គ្រាន់នោះឡើយ”។
គួរឲ្យដឹងផងដែរថា ករណីប្រមាថព្រះមហាក្សត្ររបស់លោក ថាក់ស៊ីន បានកើតចេញពីការកលើកឡើង កាលយូរណាស់មកហើយ ដែលលោកបានធ្វើនៅក្នុងប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង ទាក់ទងទៅនឹងរដ្ឋប្រហារយោធា ឆ្នាំ២០១៤ ដែលបានផ្តួលរំលំប្អូនស្រីរបស់លោក គឺលោកស្រី យីងឡាក់។
ជម្រាបជូនថា លោក ថាក់ស៊ីន បានត្រឡប់មកប្រទេសថៃវិញនៅឆ្នាំ២០២៣ បន្ទាប់ពីនិរទេសខ្លួនទៅក្រៅប្រទេសរយៈពេល ១៥ឆ្នាំ ដើម្បីអនុវត្តទោស ៨ ឆ្នាំពីបទរំលោភអំណាច និងទំនាស់ផលប្រយោជន៍ ដែលត្រូវបានកាត់បន្ថយមកត្រឹមមួយឆ្នាំ ដោយព្រះមហាក្សត្រ Maha Vajiralongkorn៕

