បន្ទាប់ពីចំណាយពេលរៀបចំកសិដ្ឋានមុន្នីអស់រយៈពេលពីរឆ្នាំ (២០២០-២០២១)នៅឃុំសំបួរ ស្រុកទ្រាំងខេត្តតាកែវ, ស្ថាបនិកកសិដ្ឋានមួយនេះមានផែនការបង្កើនការផ្សាំកូនត្រីប្រាឱ្យកើនដល់៣លានកូន និងមានផែនការផ្គត់ផ្គង់បង្កងសាច់ទៅលើទីផ្សារឱ្យបានដល់៥តោននៅពេលខាងមុខ ក្រៅពីផ្សាំកូនបង្កងឈ្មោលចែចាយដល់បងបង្អូនវារីវប្បករនៅក្នុងនិងក្រៅតំបន់។

លោក ថាយ សុមុន្នី ស្ថាបនិក កសិដ្ឋានមុន្នីមានប្រសាសន៍ថា ក្ដីស្រម៉ៃនិង គោលបំណងក្នុងការបង្កើតកសិដ្ឋាននេះឡើងដើម្បីចូលរួមផលិតត្រី បង្កងក្នុងស្រុក និងដាំដើមប្រភេទដើមឈើមានតម្លៃទុកឱ្យកូនចៅជំនាន់ក្រោយ។
លោកបន្តថា “២ឆ្នាំមកនេះយើងបានធ្វើការផ្សាំកូនត្រីប្រា ឱ្យក្លាយជាកូនត្រីប្រាពូជ ផ្គត់ផ្គង់ជូនអតិថជន ដែលចង់ចិញ្ចឹមកូនត្រីប្រាក្នុងស្រុកយើងឱ្យទទួលបានកូនត្រីដែលមានសុវត្ថិភាព សុខភាពល្អកសិករយកចិញ្ចឹមបន្តឆាប់ធំមិនមានជំងឺ ។ មួយទៀតយើងមានការផ្សាំកូនបង្កងឈ្មោលលក់ជូនបងប្អូនអាជីករដែលមានបំណងចិញ្ចឹមបង្កងសាច់ផងដែរ ក្រៅពីចិញ្ចឹមបង្កងសាច់លក់ជូនអតិថជននៅក្នុងស្រុក”។

លោកបន្តថា ការផ្សាំកូនត្រីប្រារនៅឆ្នាំនេះសង្ឃឹមថាមានការកើនឡើងប្រហែលជា៣០%ទៀត ឬមានប្រមាណ២ទៅ៣លានកូន ព្រោះឆ្នាំទៅយើងផ្សាំកូនត្រីបានជាង១លានកូន ខណៈក្នុងផែនការនិងទិសដៅរបស់កសិដ្ឋានចង់ផ្សាំឱ្យបានរហូតដល់៥លានកូននៅពេលខាងមុខ។ ចំពោះការចិញ្ចឹមបង្កងសាច់ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ផលិតបានបង្កងសាច់បានជាង១តោន ហើយនៅក្នុងទិសដៅលោកចង់បានបង្កងសាច់ពី៣ទៅ៥តោន តែត្រូវការផ្ទៃដីធំ និងមានការចាប់ដៃជាមួយបងប្អូនវារីរប្បករដែលមានទីតាំងសមស្របអាចពង្រីកការចិញ្ចឹមបង្កងបន្ថែមបាន ដើម្បីឱ្យការចិញ្ចឹមបង្កងនៅខេត្តតាកែវមានទីផ្សារល្អ អ្នកប្រើប្រាស់ក្នុងប្រទេសទទួលស្កាល់ថាបង្កងមានរស់ជាតិឆ្ងាញ់ ដូចទៅនិងបង្កងធម្មជាតិដែរ។

បើតាមលោក ថាយ សុមុន្នី ទន្ទឹមនិងបង្កងធម្មជាតិមានការធ្លាក់ចុះខ្លាំង កម្ពុជាមានតម្រូវការនាំចូលបង្កងសាច់មកពីប្រទេសជិតខាងបន្ថែមដើម្បីបំពេញនូវតម្រូវការបរិភោគរបស់ពលរដ្ឋក្នុងស្រុក។ តែទន្ទឹមនិងនេះវាក៏ជាឱកាសសម្រាប់ប្រជាកសិករដែលចូលចិត្តចិញ្ចឹមបង្កងបែបធម្មជាតិ រួមនិងកសិដ្ឋានមុន្នីនៅក្នុងខេតត្តតាកែវ និងកសិករនៅតាមបណ្ដាលខេត្តផ្សេងទៀតស្ថិតក្នុងដីសណ្ដរទន្លេមេគង្គកម្ពុជា អាចពង្រីកសក្តានុពលនៃចិញ្ចឹមបង្កងសាច់ផងដែរ។
លោក ថាយ សុមុន្នី ទទួលស្គាល់ថាក្នុងដំណើរការកសិដ្ឋានរយៈពេល២ឆ្នាំមកនេះ យើងមិនទាន់បានផលអ្វីជាដុំកំភួននៅឡើយ។ ប៉ុន្តែកសិដ្ឋានបានចូលរួមបង្ហាញជូនដល់ប្រជាកសិកររស់នៅក្នុងតំបន់ដែលចាប់អារម្មណ៍និងការងារវារីវប្បកម្មនេះបានច្រើន។ ពិសេសយើងបានផ្ដល់ឱកាសដល់និស្សិតខាងវិទ្យាស្ថានជាតិកសិកម្មព្រៃកលៀប វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម និងខាងវិទ្យាល័យខេត្តកំពង់ឆ្នាំងដែលស្ថិតនៅមន្ទីអប់រំខេត្តកំពង់ឆ្នាំងបានបញ្ជូននិស្សិតមកបន្ថែមទៀតបានសិក្សាផ្ទាល់ ពីលក្ខណៈបច្ចេកទេសគ្រប់គ្រងកសិដ្ឋាន បច្ចេកទេសនៃការចិញ្ចឹម ការគ្រប់គ្រងធនធានទឹកនិងការឱ្យចំណី ការប្រមូលផល ការវិចខ្ចប់និងទីផ្សារផងដែរ៕



