វៀតណាម បានចំណាយលុយជិត ៣ពាន់លានដុល្លារ ក្នុងការនាំចូលផលិតផលប្រេងកាតជាច្រើនប្រភេទក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ដែលជាការកើនឡើង ៧៨% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

យោងតាមទិន្នន័យពីនាយកដ្ឋានគយ បានបង្ហាញថាក្នុងខែមីនា វៀតណាមបាននាំចូលផលិតផលប្រេងកាតជាច្រើនប្រភេទជិត ១,២ លានតោន ស្មើនឹង ១,៤៦ពាន់លានដុល្លារ។ នេះតំណាងឱ្យការកើនឡើងជិត ១៣% នៃបរិមាណ និងជាង ៩៤% នៃតម្លៃបើប្រៀបធៀបទៅនឹងខែកុម្ភៈ។
ហើយយ៉ាងណាមិញ នៅក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ ប្រទេសវៀតណាម បាននាំចូលផលិតផលប្រេងកាតជិត ៣,៤ លានតោន ស្មើនឹងជាង ២,៩ពាន់លានដុល្លារអាមេរិក។ បរិមាណនាំចូលបានកើនឡើងជិត ១,៥ ដងបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ជម្រាបជូនផងដែរថា ចំពោះការនាំចូលប្រេងឆៅរបស់វៀតណាមវិញ បានធ្លាក់ចុះ ១៥% បើធៀបនឹងឆ្នាំមុន ដោយឈានដល់ជាង ៣,១ លានតោនក្នុងត្រីមាសទីមួយ ឬស្មើនឹងជិត ១,៧ពាន់លានដុល្លារអាមេរិក៕

