អ្នកឧកញ៉ា សុខ សំណាង សមាជិកសមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាស និងលោកស្រី ស៊ីម សុនិមល នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ បាននាំយកម៉ូតូ ៣គ្រឿង ម៉ាក Honda Wave ឆ្នាំ២០២៥ និងភេសជ្ជៈប៉ូវកម្លាំងបាកាស (Bachhus) ចំនួន ១ ២០០កេស ឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យ សម្រាប់ប្រើប្រាស់តាមតម្រូវការក្នុងមូលដ្ឋាន។

ការចូលរួមបរិច្ចាគនូវធនធានផ្ទាល់ខ្លួននេះ គឺជាទឹកចិត្តដ៏ល្អរបស់អ្នកឧកញ៉ា សុខ សំណាង ក្នុងការរួមចំណែកជួយជាតិមាតុភូមិ ក្នុងនាមជាសមរភូមិក្រោយ ក៏ដូចជាឆន្ទៈរួមគ្នាការពារដែនអធិបតេយ្យភាព និងបូរណភាពដែនដីកម្ពុជា។
សូមជម្រាបថា កន្លងមក អ្នកឧកញ៉ា សុខ សំណាង និងភរិយា លោកស្រី ស៊ីម សុនិមល តែងតែបរិច្ចាគធនធានផ្ទាល់ខ្លួនជាច្រើនរួមចំណែកជាមួយសកម្មភាពរបស់រាជរដ្ឋាភិបាលក្នុងការជួយដល់សង្គម ដូចជា ការបរិច្ចាគថវិកាជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ បរិច្ចាគថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផា និងឧបត្ថម្ភរថយន្ត និងថវិកា ជូនកាកបាទក្រហមកម្ពុជាផងដែរ៕










