មហាសេដ្ឋីមានដាច់គេបំផុតទាំង៥ នៅក្នុងតំបន់អាស៊ី ត្រូវបានគេមើលឃើញថាទ្រព្យសម្បត្តិរួមរបស់ពួកគេ មានការកើនឡើង ១៩% រហូតដល់ចំនួនប្រមាណ ៣៧៦ពាន់លានដុល្លារ គិតត្រឹម ៨ខែដំបូងឆ្នាំនេះ។

បើទោះបីជាពន្ធគយនាំចូលរបស់សហរដ្ឋអាមេរិក កាលពីដើមឆ្នាំនេះ បានបង្កឲ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកវិនិយោគលើភាគហ៊ុនជាច្រើន ក៏ដោយ ប៉ុន្តែទីផ្សារភាគហ៊ុននៅអាស៊ី ហាក់នៅតែបន្តមានការកើនឡើង នៅក្នុងពេលប៉ុន្មានខែថ្មីៗនេះ ដែលធ្វើឲ្យចំនួនទ្រព្យម្បត្តិរបស់ មហាសេដ្ឋីនៅក្នុងតំបន់នេះ មានការកើនឡើង ផងដែរ។
យ៉ាងណាមិញ ខាងក្រោមនេះ ជាបញ្ជីឈ្មោះមហាសេដ្ឋីទាំង៥ របស់អាស៊ី ដែលមានការប្រែប្រួលចំនួនទ្រព្យសម្បត្តិរបស់ពួកគេ ដោយផ្អែកតាមរបាយការណ៍ពី Bloomberg។
១. Mukesh Ambani ជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Reliance Industries ។ លោកបន្តជាប់ឈ្មោះជាអ្នកមានដាច់គេបំផុតនៅអាស៊ី ជាមួយទ្រព្យសម្បត្តិសរុប ១០២ពាន់លានដុល្លារ ពោលគឺបានកើនឡើង ១១,៧% គិតចាប់តាំងពីដើមឆ្នាំនេះមក។

២. Gautam Adani ជាប្រធានក្រុមហ៊ុនខ្នាតយក្សឥណ្ឌា Adani Group ។ ទ្រព្យសម្បត្តិរបស់លោក មានការកើនឡើង ២,៤% គិតរហូតមកដល់ពេលនេះ ដល់ចំនួនសរុបប្រមាណ ៧៩,២ពាន់លានដុល្លារ។
៣. Zhong Shanshan ជាស្ថាបនិក និងជាប្រធានក្រុមហ៊ុនភេសជ្ជៈ Nongfu Spring ដែលមានទ្រព្យសម្បត្តិសរុបចំនួន ៦៨,៥ពាន់លានដុល្លារ កើនឡើង ២៥% គិតចាប់តាំងពីដើមឆ្នាំនេះមក។
៤. Ma Huateng ជាសហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សចិន Tencent លោកមានទ្រព្យសម្បត្តិសរុបចំនួន ៦៤,៣ពាន់លានដុល្លារ កើនឡើង ៣៤% គិតរហូតមកដល់ពេលនេះ។

៥. Zhang Yiming ជាសហស្ថាបនិកByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok ។ លោកជាមហាសេដ្ឋីដែលកើនទ្រព្យសម្បត្តិច្រើនបំផុត ៣៦% ដល់ចំនួនសរុប ៥៩,៥ពាន់លានដុល្លារ៕

