កម្ពុជា-ចិន សហការរៀបចំ FAM Trip អញ្ជើញប្រតិភូសារព័ត៌មាន និង Influencers ល្បីៗពីខេត្តយូណាន មកផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងទេសចរណ៍កម្ពុជា និងខេត្តយូណាន ប្រទេសចិន បានសហការរួមដៃគ្នាដើម្បីអភិវឌ្ឍវិស័យទេសចរណ៍បន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការពួតដៃគ្នារវាងកម្ពុជានិងខេត្តយូណាន ប្រទេសចិន ធ្វើឡើងរវាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោក XU Hao អភិបាលរង នៃខេត្តយូណាន និងគណៈប្រតិភូ ក្នុង​ឱកាសជំនួបពិភាក្សាការងារ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥។

ក្នុងជំនួបនោះ ភាគីទាំងពីរបានឯកភាពក្នុងការជួយជំរុញផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅកាន់ប្រជាជនខេត្តយូណានឱ្យកាន់តែទូលំទូលាយ ដោយស្របតាមស្មារតីនៃ “ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥”។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តយូណានក៏បានសហការជួយទាក់ទាញវិនិយោគិនក្នុងខេត្តយូណានឱ្យមកបណ្តាក់ទុនបង្កើតផលិតផលទេសចរណ៍នៅកម្ពុជា ដែលពោរពេញដោយសក្តានុពល និងទទួលបានការការពារ ការអនុគ្រោះ និងការលើកទឹកចិត្តជាច្រើនពីប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏ដូចជាការសហការរៀបចំ FAM Trip ដោយអញ្ជើញប្រតិភូសារព័ត៌មាន និង Influencers ល្បីៗពីខេត្តយូណាន ឱ្យមកទស្សនានិងជួយជំរុញផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជាឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀតផងដែរ។

សូមបញ្ជាក់ថា គិតត្រឹមរយៈពេល ៧ខែ ដើមឆ្នាំ២០២៥នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣,៧១ លាននាក់ ក្នុងនោះ ភ្ញៀវទេសចរចិនមានចំនួនជិត ៦៩ ម៉ឺននាក់ កើនឡើង ៤៨,២%។

នៅក្នុងខែកក្កដា ចិនគឺជាប្រភពភ្ញៀវទេសចរបរទេសច្រើនជាងគេសម្រាប់ប្រាសាទអង្គរវត្ត ដោយមានភ្ញៀវទេសចរចិនចំនួន ៥៧២០ នាក់បានទៅទស្សនាទីនោះ។ ឆ្នាំ ២០២៥ ត្រូវបានកំណត់ថាជាឆ្នាំទេសចរណ៍កម្ពុជា-ចិន ចំនួនភ្ញៀវទេសចរចិនដែលមកទស្សនាប្រទេសកម្ពុជាត្រូវបានគេរំពឹងថានឹងបន្តកើនឡើងពេញមួយឆ្នាំ។

ដោយឡែកក្នុងឆ្នាំ២០២៥នេះ កម្ពុជា បង្ហាញការរំពឹងថានឹងស្វាគមន៍ភ្ញៀវ​ទេសចរអន្តជាតិប្រមាណ ​៧,៥ លាននាក់ ដែលនឹង​បង្កើតចំណូល​ចូល​សេដ្ឋកិច្ចជាតិ ប្រមាណ​​ជាង​៥ពាន់លានដុល្លារ​ផងដែរ៕